ម៉ូស្គូ ៖ អ្នកនាំពាក្យ របស់វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទូរទស្សន៍ Russia 1 TV ឲ្យដឹងថា អង្គការណាតូ មានការពិត ដែលថា បានចូលរួមក្នុងជម្លោះអ៊ុយក្រែន ដោយបន្ថែមថា នេះនឹងមិនរារាំង ទីក្រុងមូស្គូ ពីការធ្វើតាមផែនការ របស់ខ្លួន និងការសម្រេច បាននូវគោលដៅយោធា របស់ខ្លួននៅក្នុងអ៊ុយក្រែននោះទេ ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យ វិមានក្រឹមឡាំង បានទទួលស្គាល់ថា ការជ្រៀតជ្រែក របស់អង្គការណាតូ ធ្វើឱ្យរុស្ស៊ី “កាន់តែពិបាក” សម្រាប់ប្រតិបត្តិការ របស់ខ្លួន ទោះបីជាប្រទេសនេះ មិនផ្លាស់ប្តូរគោលដៅក៏ដោយ។
លោកបានលើកឡើងថា “ការចូលរួមរបស់ណាតូ ទាមទារឲ្យមានការចល័តផ្ទៃក្នុង របស់យើងនៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យផ្សេងទៀត” ដោយបន្ថែមថា មានភាពខុសប្លែកគ្នាយ៉ាងសំខាន់រវាង របបគៀវ និងសក្តានុពលរបស់អង្គការណាតូ” ។ ទោះជាយ៉ាងណាក៏ដោយ “សក្តានុពលផ្ទាល់ខ្លួនរបស់រុស្ស៊ី អនុញ្ញាតឱ្យក្រុងម៉ូស្គូ បន្តប្រតិបត្តិការក្រោមកាលៈទេសៈបែបនេះ” ។
អ្នកនាំពាក្យវិមាន ក្រឹមឡាំងរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីផែនការ និងយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូក្នុងយុទ្ធនាការយោធា ដែលមានរយៈ ពេលជាង ៧ខែនោះទេ។ កាលពីដើមសប្តាហ៍នេះ ទីក្រុងមូស្គូ បានបដិសេធពាក្យ ចចាមអារ៉ាម ដែលថាប្រតិបត្តិការ នៅអ៊ុយក្រែន កំពុងត្រូវបានរៀបចំឡើងវិញ ជាយុទ្ធនាការប្រឆាំងភេរវកម្ម។
លោក Peskov ក៏បានឲ្យដឹងនៅពេលនោះថា មិនមានការសម្រេចចិត្ត ណាមួយទាក់ទងនឹងការដាក់ ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកនៅក្នុងតំបន់រុស្ស៊ី ដែលត្រូវបានកំណត់ គោលដៅដោយការ វាយប្រហារ របស់អ៊ុយក្រែនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទីក្រុងមូស្គូ ក៏បានបដិសេធថា ខ្លួនមិនបានពិចារណា លើការរឹតបន្តឹងការ ធ្វើដំណើរសម្រាប់បុរស ដែលមានសិទ្ធិចូលបម្រើយោធា ចំពេលមានការចល័ត ផ្នែកយោធា នៅតែបន្ត។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា អ្នកបំរុងជាង ២០ម៉ឺននាក់ត្រូវបានកោះហៅឡើង ដែលភាគច្រើនកំពុង ស្ថិតក្រោមការបណ្តុះបណ្តាល ខណៈបន្ថែមថា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេលប្រហែល ២សប្តាហ៍៕
ប្រែសម្រួល ឈូក បូរ៉ា