ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ត្រូវបាន​ជំរុញ​ឱ្យ​ជ្រើសរើស ​ភាគី​ក្នុង​ជម្លោះ​អ៊ុយក្រែន

យេរ៉ូសាឡឹម៖ អ៊ីស្រាអែលគួរតែចាប់ផ្តើម ផ្គត់ផ្គង់ជំនួយយោធាដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនភៀសខ្លួន Nachman Shai បានប្រកាសនៅលើបណ្ដាញ Twitter កាលពីថ្ងៃអាទិត្យ ដោយអះអាងថា អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានផ្ទេរមីស៊ីលផ្លោងទៅឱ្យរុស្ស៊ី។

អ្នក​នយោបាយ​រូប​នេះ​ បាន​សរសេរ​លើបណ្ដាញ Twitter ឲ្យដឹងថា “លែង​មាន​ការ​សង្ស័យ​ទៀត​ហើយ​ថា ​តើ​អ៊ីស្រាអែល​គួរ​ឈរ​នៅ​កន្លែង​ណា​ក្នុង​ជម្លោះ​បង្ហូរ​ឈាម​នេះ។ ដល់​ពេល​ហើយ​សម្រាប់​អ៊ុយក្រែន ​ក្នុង​ការ​ទទួល​បាន​ជំនួយ​យោធា​ ដូច​ដែល​សហរដ្ឋ​អាមេរិក និង​ប្រទេស​ណាតូ​ផ្តល់”។

អ៊ីស្រាអែល​បាន​នឹង​កំពុង ផ្គត់ផ្គង់​អ៊ុយក្រែន​រួច​ហើយ​ នូវ​ជំនួយ​មិន​សម្លាប់​មនុស្ស រួម​ទាំង​ឧបករណ៍​យោធា និង​ប្រព័ន្ធ​ការពារ​មីស៊ីល​ដែល​ផ្គត់ផ្គង់​តាម​រយៈ​វិស័យ​ឯកជន។

ការ​អះអាង​ថា​អ៊ីរ៉ង់ កំពុង​ផ្គត់ផ្គង់​មីស៊ីល​បាលីស្ទីក​ ដល់​រុស្ស៊ី​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង ​របាយការណ៍​របស់​កាសែត Washington Post កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ “មន្ត្រី​មក​ពី​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក ដែល​តាមដាន​សកម្មភាព​អាវុធ ​របស់​អ៊ីរ៉ង់​យ៉ាង​ដិតដល់”។

មន្ត្រីដដែលនេះ បើយោងតាម ​​WaPo បានអះអាងកាលពីខែសីហាថា អ៊ីរ៉ង់កំពុងផ្គត់ផ្គង់យន្តហោះដ្រូនស៊េរី Shahed និង Mohajer-6 ដល់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រាប់ភ្នាក់ងារកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់នឹងបញ្ជូនយន្តហោះ Mohajer-6 ជាច្រើនគ្រឿង និងយន្តហោះចម្បាំងជាច្រើនគ្រឿងទៀត ដែលចំនួនធំជាប្រភេទ Shahed-136s ។

អ៊ីរ៉ង់​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ផ្គត់ផ្គង់​សព្វាវុធ ​ដល់​ភាគី​ណា​មួយ​ឡើយ ដោយ​លើក​ហេតុផល​ថា “ការ​បំពាក់​អាវុធ​ពី​ភាគី​នីមួយៗ​នៃ​វិបត្តិ​នឹង​អូសបន្លាយ​សង្គ្រាម” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន RT។

អ្នកនាំពាក្យក្រសួងការបរទេសលោក Nasser Kan’ani បានច្រានចោល “របាយការណ៍អំពីការបញ្ជូន យន្តហោះដ្រូនទៅឱ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមអ៊ុយក្រែន” ជាការចោទប្រកាន់គ្មានមូលដ្ឋាន” នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីដើមខែនេះ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅការអះអាងនេះថា “ក្លែងក្លាយ” ។

អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិក លោក John Kirby បានសារភាពកាលពីខែសីហាថា ទីក្រុងវ៉ាស៊ីនតោន មិនមានភ័ស្តុតាងថា ក្រសួងការពារជាតិរុស្ស៊ី ពិតជាបានទិញយន្តហោះដ្រូន របស់អ៊ីរ៉ង់នោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន នៅតែទទូចថា ភាគច្រើននៃយន្តហោះដ្រូន ដែលរុស្ស៊ីបានប្រើប្រាស់ ក្នុងសមរភូមិនាពេលថ្មីៗនេះ គឺមកពីប្រទេសអ៊ីរ៉ង់។ ប្រទេសនេះបានដកហូតលិខិត បញ្ជាក់អត្តសញ្ញាណរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំទីក្រុងគៀវកាលពីខែមុន បន្ទាប់ពីយន្តហោះដ្រូនរុស្ស៊ីជាច្រើនគ្រឿង ត្រូវបានគេរកឃើញថា ស្រដៀងនឹងគំរូរបស់អ៊ីរ៉ង់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top