បរទេស ៖ រុស្ស៊ីគឺជាការគំរាមកំហែង ដ៏ធំដល់អង្គការណាតូ និងបណ្តាប្រទេស លោកខាងលិចទាំងអស់, នេះបើតាមអ្វី ដែលប្រធានសេវាព័ត៌មាន សន្តិសុខឆេក (BIS) លោក Michal Koudelka បានប្រាប់សមាជិកសភា របស់ប្រទេសនេះ កាលពីសប្តាហ៍មុន ។ កាលពីថ្ងៃច័ន្ទ ទីភ្នាក់ងាររបស់លោក បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ដោយដាក់ឈ្មោះថា រុស្ស៊ី ចិន និងអ៊ីរ៉ង់ ជាប្រទេសដែលជាប់ពាក់ព័ន្ធក្នុង “សកម្មភាពស៊ើបការណ៍សម្ងាត់ និងវិទ្ធង្សនា” ដែលផ្តោតលើសាធារណរដ្ឋឆេក ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក Koudelka បានប្រាប់ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ និងអ្នកជំនាញដែលរៀបចំដោយសភាឆេក កាលពីសប្តាហ៍មុនថា “រុស្ស៊ីបានចាត់ទុកយើងថា ជាសត្រូវរបស់ខ្លួន ហើយរុស្ស៊ីចង់បំផ្លាញ សត្រូវរបស់ខ្លួន នោះគឺជាពួកយើង NATO និងសហគមន៍ លោកខាងលិច” លោកបានអះអាងថា ទីក្រុងម៉ូស្គូ «នឹងប្រើប្រាស់គ្រប់មធ្យោបាយ លទ្ធភាពទាំងអស់ដែលខ្លួនមាន» ដើម្បីសម្រេចបាននូវ គោលដៅនេះ។
លោក Koudelka ក៏បាននិយាយផងដែរថា សកម្មភាពរបស់រុស្ស៊ីគំរាមកំហែងដល់ “សកម្មភាពរួបរួមរបស់រដ្ឋសមាជិក [EU]” ប្រឆាំងនឹងរុស្ស៊ីខ្លួនឯង ដោយហៅវាថា ជា “ហានិភ័យធំបំផុត” ដែលសហគមន៍លោកខាងលិច កំពុងប្រឈមនៅពេលនិយាយ អំពីទីក្រុងម៉ូស្គូ។ លោកជឿថា រុស្ស៊ីកំពុងស្វែង រកការបញ្ចុះបញ្ចូលអឺរ៉ុបថា ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន គឺចាំបាច់សម្រាប់ សុខុមាលភាព របស់អឺរ៉ុប ហើយថា ទណ្ឌកម្មលើរុស្ស៊ីធ្វើ ឱ្យប៉ះពាល់ដល់អឺរ៉ុបច្រើនជាង ជនជាតិរុស្ស៊ី៕ប្រែសម្រួលៈ ណៃ តុលា