ព័ត៌មានអន្តរជាតិ

ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ពិតជាជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្កោលទោសការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងបុគ្គល និងស្ថាប័នមួយចំនួនរបស់អ៊ីរ៉ង់ ដោយពណ៌នាថា ទណ្ឌកម្មទាំងនេះ ជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសរបស់លោក។

ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលចំនួន ១១ និងអង្គភាពចំនួន ៤ នៅក្នុងប្រទេសអ៊ីរ៉ង់ ជុំវិញ “តួនាទីរបស់ពួកគេក្នុងការស្លាប់របស់ Mahsa Amini” ដែលជាស្ត្រីជនជាតិអ៊ីរ៉ង់ អាយុ ២២ឆ្នាំ។

លោក Kanaani បានពណ៌នាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថាជា “ការកេងប្រវ័ញ្ចសិទ្ធិមនុស្សជាឧបករណ៍មួយ ដើម្បីសម្រេចបាននូវគោលដៅនយោបាយ” ហើយបានហៅការសម្រេចចិត្តនេះថា “បដិសេធជាមូលដ្ឋាន គ្មានប្រសិទ្ធភាព និងមិនត្រឹមត្រូវ”។

លោកបានលើកឡើងថា អឺរ៉ុប និងសមាជិករបស់ខ្លួនគឺជា “អ្នករំលោភសិទ្ធិមនុស្សដ៏អស្ចារ្យ” ដោយសារតែ “កិច្ចសហប្រតិបត្តិការ” របស់ពួកគេជាមួយសហរដ្ឋអាមេរិក ជុំវិញការដាក់ទណ្ឌកម្មខុសច្បាប់ប្រឆាំងនឹងអ៊ីរ៉ង់ ។

អ្នកនាំពាក្យអ៊ីរ៉ង់បានបន្ថែមថា វិធានការដាក់ទណ្ឌកម្មទៅវិញទៅមកនឹងត្រូវអនុម័តក្នុងពេលឆាប់ៗនេះប្រឆាំងនឹងបុគ្គល និងស្ថាប័នពាក់ព័ន្ធអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថាជា “ទង្វើមិនស្ថាបនាចេញពីការគណនាខុស និងផ្អែកលើព័ត៌មានមិនពិតដែលរីករាលដាល”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top