ព័ត៌មានអន្តរជាតិ

លោកខាងលិច កំពុងឃ្លាំមើលការ ផ្គត់ផ្គង់យន្ដហោះដ្រូនធុន kamikaze របស់អ៊ីរ៉ង់ ដល់ប្រទេសរុស្ស៊ី

ព្រុចសែល ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសលោកខាងលិច កំពុងតាមដានយ៉ាងដិត ដល់នូវយន្តហោះដ្រូនធុន kamikaze និងការបញ្ជូនកាំជ្រួច ដែលមានសក្តានុពលពីអ៊ីរ៉ង់ ទៅកាន់ប្រទេសរុស្ស៊ី ។

វាក៏ច្បាស់ដែរថា មេទ័ពរបស់ទីក្រុងមូស្គូ កាន់តែពឹងផ្អែកខ្លាំង លើស្តុកសង្រ្គាមអ៊ីរ៉ង់ ខណៈដែលគ្រឿងសព្វាវុធកាំជ្រួច មីស៊ីលរបស់ពួកគេ ត្រូវបានប្រើអស់ភាគច្រើន អស់រយៈពេល ៨ខែនៅក្នុងការ លុកលុយរបស់ខ្លួន នៅអ៊ុយក្រែន។

មន្ត្រីលោកខាងលិចបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប៉ុន្តែមានការព្រួយបារម្ភថា អ៊ីរ៉ង់ អាចនឹងផ្តល់ឱ្យរុស្ស៊ី នូវកាំជ្រួចពីដីទៅដី ក្នុងពេលឆាប់ៗនេះ ដែលជាការរំលោភ លើទណ្ឌកម្មអន្តរជាតិ របស់អង្គការសហប្រជាជាតិ និងការអភិវឌ្ឍន៍ ដែលកំពុងត្រូវបានអង្កេត យ៉ាងយកចិត្តទុកដាក់ ។

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានថ្កោលទោសការផ្តល់អាវុធរបស់ទីក្រុងតេអេរ៉ង់ ដល់ទីក្រុងមូស្គូថាជា “ការសហការគ្នាជា មួយអ្នកប្រព្រឹត្ដអំពើអាក្រក់” ។

ក្រុមមន្ត្រីបានឲ្យដឹងថា អ៊ីរ៉ង់បានផ្គត់ផ្គង់ “រាប់រយ” នៃយន្តហោះដ្រូន Shahed 136 ដល់ប្រទេសរុស្ស៊ី ដែលឥឡូវនេះត្រូវបានប្រើប្រាស់ ដើម្បីធ្វើភេរវកម្មដល់ប្រជាជនស៊ីវិល និងបំផ្លាញបណ្តាញអគ្គិសនី របស់ប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top