គៀវ ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា មេបញ្ជាការថ្មី នៃកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានទទួលស្គាល់ដ៏កម្រ នៃការរងសម្ពាធ ដែលពួកគេស្ថិតនៅក្រោមការ វាយលុកបកវិញ របស់អ៊ុយក្រែន ដើម្បីដណ្តើម យកមកវិញនូវតំបន់ភាគខាងត្បូង និងភាគខាងកើត ដែលក្រុងម៉ូស្គូ បានអះអាងថា បានបញ្ចូលកាលពីប៉ុន្មានសប្តាហ៍មុន ។
នៅក្នុងសញ្ញាមួយផ្សេងទៀត នៃក្តីបារម្ភរបស់រុស្ស៊ី ប្រធានក្រឹមឡាំង ដែលត្រូវបានលើកបន្តុបមុខតំណែង នៅភាគខាងត្បូងនៃតំបន់យុទ្ធសាស្ត្រ Kherson កាលពីថ្ងៃអង្គារបានប្រកាស “ការផ្លាស់ទីលំនៅជាបណ្តើរៗ” នៃជនស៊ីវិលពីទីក្រុងចំនួន៤ នៅលើដងទន្លេ Dnipro ។
ឧត្តមសេនីយ៍ Sergei Surovikin មេបញ្ជាការកងទ័ពអាកាសរុស្ស៊ី ដែលបច្ចុប្បន្នកំពុងបញ្ជាកងកម្លាំង ឈ្លានពានរបស់រុស្ស៊ី បានប្រាប់ដល់បណ្តាញព័ត៌មាន Rossiya 24 ដែលគ្រប់គ្រងដោយរដ្ឋថា “ស្ថានភាពនៅក្នុងតំបន់ នៃប្រតិបត្តិការយោធាពិសេស” អាចត្រូវបានពិពណ៌នាថា មានភាពតានតឹងណាស់ ។
លោក Surovikin បានលើកឡើងថា “ស្ថានភាពនៅក្នុងតំបន់នេះគឺពិបាកណាស់ ។ សត្រូវកំពុងវាយលុកដោយចេតនានូវហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋាននៅក្នុងក្រុង Kherson” ។
កងកម្លាំងរុស្ស៊ីនៅទីក្រុង Kherson ត្រូវបានរុញច្រាន ត្រឡប់មកវិញពីចម្ងាយពី២០គីឡូម៉ែត្រ ទៅ៣០គីឡូម៉ែត្រក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយប្រឈមនឹងហានិភ័យ នៃការត្រូវបានខ្ទាស់ប្រឆាំង នឹងច្រាំងទន្លេនៅភាគខាងលិចនៃទន្លេ Dnipro ដែលប្រវែង២.២០០គីឡូម៉ែត្រ ហើយបានកាត់ផ្តាច់ប្រទេស អ៊ុយក្រែន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា