បរទេស៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ប្រធានផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីកម្មវិធីទូរទស្សន៍មួយបានចោទប្រកាន់លោកថា មានទំនាក់ទំនងជាមួយសេវាកម្មស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។
យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យបាននិយាយថា លោក Arne Schönbohm ប្រធានអាជ្ញាធរសន្តិសុខអ៊ីនធឺណិតសហព័ន្ធ (BSI) ត្រូវបានផ្លាស់ចេញពីភារកិច្ចរបស់លោក “ដោយមានប្រសិទ្ធិភាពភ្លាមៗ” ។
អ្នកនាំពាក្យដដែលបានបន្តថា៖ «សាវតារនៃការចោទប្រកាន់នេះមិនតិចទេដែលបានលាតត្រដាងនិងពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
លោក Schönbohm ត្រូវបានគេចោទប្រកាន់នៅក្នុងការស៊ើបអង្កេតមួយដោយបណ្តាញផ្សព្វផ្សាយ ZDF អំពីការទាក់ទងជាមួយសេវាកម្មសម្ងាត់របស់រុស្ស៊ីតាមរយៈសមាគមដែលគាត់បានរួមគ្នាបង្កើតឡើងក្នុងឆ្នាំ ២០១២ ។
អ្នកនាំពាក្យបាននិយាយថា ការចោទប្រកាន់នេះបានធ្វើឱ្យខូចខាតដល់ការជឿទុកចិត្តជាសាធារណៈជាអចិន្ត្រៃយ៍ ចំពោះលោក Schönbohm ក្នុងឋានៈជាប្រធានអាជ្ញាធរ៕