ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ដាក់​ទណ្ឌកម្ម​ លើ​មន្ត្រី​អង់គ្លេស និងវិទ្យាស្ថាន សម្រាប់​គាំទ្រ​អំពើ​ភេរវកម្ម 

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មលើវិទ្យាស្ថាន និងបុគ្គលមួយចំនួនរបស់អង់គ្លេស សម្រាប់ “គាំទ្រដល់ក្រុមភេរវករ ការផ្សព្វផ្សាយ និងញុះញង់ឱ្យមានអំពើភេរវកម្ម អំពើហឹង្សា និងការស្អប់ខ្ពើម និងការរំលោភសិទ្ធិមនុស្ស”។

ក្រសួងបានចេញសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនដោយថា ការផ្លាស់ប្តូរនេះត្រូវបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធ និងយន្តការដាក់ទណ្ឌកម្មក៏ដូចជា “ការឆ្លើយតបដោយសប្បុរស” ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អ៊ីរ៉ង់ចាត់ទុករដ្ឋាភិបាលអង់គ្លេសថា ទទួលខុសត្រូវ ចំពោះការគាំទ្រពួកភេរវករ និងអ្នករំលោភសិទ្ធិមនុស្ស ដែលរៀបចំ និងញុះញង់ឱ្យមានកុប្បកម្ម និងអំពើភេរវកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ ពីដីចក្រភពអង់គ្លេស” ។

អង្គភាពដែលបានចុះបញ្ជីរួមមាន មជ្ឈមណ្ឌលសន្តិសុខអ៊ីនធឺណិតជាតិនៃចក្រភពអង់គ្លេស ទីស្នាក់ការកណ្តាលទំនាក់ទំនងរបស់រដ្ឋាភិបាលអង់គ្លេស ក៏ដូចជា Volant Media, Global Media, DMA Media និងប៉ុស្តិ៍ទូរទស្សន៍ប្រឆាំងអ៊ីរ៉ង់ ដែលពួកគេគាំទ្រគឺ BBC Persian និង Iran International នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ទណ្ឌកម្មរបស់អ៊ីរ៉ង់ ក៏បានកំណត់គោលដៅបុគ្គលមួយចំនួនផងដែរ រួមទាំងរដ្ឋមន្ត្រីក្រសួងសន្តិសុខអង់គ្លេស Tom Tugendhat និងមេបញ្ជាការយោធាអង់គ្លេសនៅឈូងសមុទ្រ Don MacKinnon។

ទណ្ឌកម្មនឹងហាមឃាត់បុគ្គលគោលដៅមិនឱ្យទទួលបានទិដ្ឋាការ និងចូលប្រទេសអ៊ីរ៉ង់ ហើយនឹងបង្កកទ្រព្យសម្បត្តិ និងគណនីធនាគាររបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ង់៕ប្រែសម្រួល ឈូក បូរ៉ា

To Top