បរទេស៖ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី Liz Truss បានលាលែងពីតំណែងហើយនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីថវិកាកាត់បន្ថយពន្ធមិនបានសម្រេច ដែលបានធ្វើឱ្យកក្រើកទីផ្សារហិរញ្ញវត្ថុ ហើយដែលនាំឱ្យមានការបះបោរនៅក្នុងគណបក្សអភិរក្សផ្ទាល់របស់លោកស្រី។
យោងតាមសារព័ត៌មាន CNBC news ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Truss បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅខាងក្រៅវិមាន Downing Street ថា “យើងកំណត់ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចដែលមានពន្ធទាប និងកំណើនខ្ពស់ដែលនឹងទាញយកអត្ថប្រយោជន៍ពីសេរីភាពនៃ Brexit” ។
លោកស្រីបន្តថា «ខ្ញុំទទួលស្គាល់ថា បើគិតពីស្ថានភាពនេះ ខ្ញុំមិនអាចប្រគល់អាណត្តិដែលខ្ញុំត្រូវបានជ្រើសរើសដោយគណបក្សអភិរក្សនោះទេ។ ដូច្នេះ ខ្ញុំបានទូលថ្វាយព្រះមហាក្សត្រ ដើម្បីប្រកាសថា ខ្ញុំនឹងលាលែងពីតំណែងប្រធានគណបក្សអភិរក្ស»។
ក្រោយលោកស្រី Liz Truss ប្រកាសលាលែងចេញពីតំណែង គឺមានបេក្ខជនដែលមានសក្តានុពលជាច្រើន អាចមានសមត្ថភាពចូលមកជំនួសតំណែងលោកស្រី ដោយបេក្ខជនទាំងនោះរួមមាន លោក Rishi Sunak អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស និងជាគូប្រជែងដ៏សំខាន់របស់លោកស្រី Truss នៅក្នុងការប្រណាំងប្រជែងភាពជាអ្នកដឹកនាំគណបក្សអភិរក្សនៅឆ្នាំនេះ ឥឡូវនេះត្រូវបានគេមើលឃើញថា ជាអ្នកចង់ជំនួសតំណែងលោកស្រី។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Penny Mordaunt ទទួលបានភាពលេចធ្លោក្នុងអំឡុងពេលការប្រណាំងភាពជាអ្នកដឹកនាំនៅរដូវក្តៅ មុនពេលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 លើលោកស្រី Truss និង លោក Sunak ។
ទោះបីជាត្រូវបានបណ្តេញចេញពីតំណែងកាលពីបីខែមុនក៏ដោយ ប៉ុន្តែសមាជិកសភា Tory មួយចំនួនបានស្នើថា អតីតនាយករដ្ឋមន្ត្រី គឺលោក Boris Johnson អាចត្រឡប់មកកាន់តំណែងកំពូលនេះវិញ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ben Wallace បានរក្សាទម្រង់ទាប ចំពេលមានការខឹងសម្បាររបស់គណបក្ស Tory ខណៈពេលដែលទទួលបានការគោរពចំពោះតួនាទីរបស់លោកក្នុងការដឹកនាំការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែន។
រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់ចក្រភពអង់គ្លេសលោក Jeremy Hunt ដែលត្រូវបាននាំយកមកជំនួស Kwasi Kwarteng ត្រូវបានចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងរដ្ឋាភិបាល បន្ទាប់ពីលោកបានចូលមកដើម្បីកែលម្អផែនការសេដ្ឋកិច្ចរបស់លោកស្រី Truss និងធ្វើឱ្យទីផ្សារមានភាពវឹកវរ ទៅជាស្ងប់ស្ងាត់វិញ៕ប្រែសម្រួលៈ ណៃ តុលា