បរទេស៖ ទីបញ្ជាការការពារដែនអាកាស អាមេរិកខាងជើង (NORAD) បានប្រើយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង ដើម្បីហោះប្រដេញ “រក និង តាមដាន កំណត់អត្តសញ្ញាណ និងស្ទាក់ចាប់” យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ Tu-95 របស់រុស្ស៊ី ២គ្រឿង នៅជិតរដ្ឋអាឡាស្កា កាលពីថ្ងៃចន្ទ។ NORAD បាននិយាយថា យន្តហោះរុស្ស៊ីនៅតែស្ថិត ក្នុងដែនអាកាសអន្តរជាតិ ហើយសកម្មភាពរបស់យន្តហោះទាំងនោះ មិនត្រូវបានគេមើលឃើញថា ជាការបង្កហេតុនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ត្រូវបានតាមដានចូលទៅក្នុងតំបន់ កំណត់អត្តសញ្ញាណការពារ ដែនអាកាសអាឡាស្កា (ADIZ) ដែលជាតំបន់ដែលអាមេរិក ចាត់ទុកថាមានសារៈសំខាន់ ចំពោះសន្តិសុខជាតិរបស់ខ្លួន ប៉ុន្តែលាតសន្ធឹងហួសពី ដែនអាកាសរបស់ខ្លួន។
យន្តហោះ F-16s របស់អាមេរិក បាន “ស្ទាក់” យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ដែលនៅតែមានសុវត្ថិភាពនៅខាងក្រៅ “ដែនអាកាសអធិបតេយ្យរបស់អាមេរិក ឬកាណាដា” ។ នេះបើតាមសេចក្តីថ្លែងការណ៍មួយពី NORAD កាលពីថ្ងៃអង្គារ ៕
ប្រែសម្រួលៈ ណៃ តុលា
