ព័ត៌មានអន្តរជាតិ

អាមេរិក៖ ទាហានអ៊ីរ៉ង់ កំពុងបណ្ដុះបណ្ដាលទាហានរុស្ស៊ី នៅតំបន់គ្រីមៀ ពីការប្រើយន្ដហោះដ្រូន ដើម្បីវាយប្រហារ អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទាហានអ៊ីរ៉ង់ បាននិងកំពុងបណ្តុះបណ្តាលកងកម្លាំងរុស្ស៊ី នៅតំបន់គ្រីមៀ ក្នុងការប្រើយន្តហោះដ្រូន ដែលផលិតនៅក្រុងតេអេរ៉ង់ ដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន រួមទាំងទីក្រុងគៀវផងដែរ នេះបើតាមអ្នកនាំពាក្យសេតវិមានលោក John Kirby។

លោក​បាន​បន្ថែម​ថា អាមេរិក​បច្ចុប្បន្ន​លែង​ផ្តោត​លើ​ការទូត​ជាមួយ​អ៊ីរ៉ង់​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ថ្មី​ដែល​បាន​ស្នើ​ឡើងទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា “យើងអាចបញ្ជាក់បានថា បុគ្គលិកយោធារុស្ស៊ីដែលមានមូលដ្ឋាននៅគ្រីមៀ បាននិងកំពុងសាកល្បងយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ដោយប្រើពួកវា ដើម្បីធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងការវាយប្រហារប្រឆាំងនឹងទីក្រុងគៀវ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ” ។

លោកបានលើកឡើង “យើងវាយតម្លៃថា បុគ្គលិកយោធាអ៊ីរ៉ង់ បាននៅលើទឹកដីនៅឧបទ្វីបគ្រីមៀ ហើយបានជួយរុស្ស៊ីក្នុងប្រតិបត្តិការទាំងនេះ” ។

លោកបានបន្ដថា ប្រទេសរុស្ស៊ី បានទទួល “រាប់សិប” នៃយន្តហោះដ្រូនរបស់អ៊ីរ៉ង់ មកទល់ពេលនេះ ហើយប្រហែលជានឹងទទួលបានការដឹកជញ្ជូនបន្ថែមទៀតនាពេលអនាគត។

ជាងនេះទៅទៀត ដោយសារកង្វះការផ្គត់ផ្គង់របស់រុស្ស៊ី យើងមានការព្រួយបារម្ភថា រុស្ស៊ីក៏អាចស្វែងរកទិញសព្វាវុធសាមញ្ញទំនើបៗពីប្រទេសអ៊ីរ៉ង់ផងដែរ ដូចជាកាំជ្រួចពីដីទៅដី ដែលស្ទើរតែនឹងត្រូវបានប្រើ ដើម្បីគាំទ្រសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន”។

លោកបានបន្ថែមថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងស្វែងរកមធ្យោបាយដើម្បីធ្វើឱ្យទីក្រុងតេអេរ៉ង់ ពិបាកលក់អាវុធបែបនេះទៅឱ្យរុស្ស៊ី ហើយបានបន្ថែមថា សហរដ្ឋអាមេរិក លែងផ្តោតលើការទូត និងកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ទៀតហើយ៕ប្រែសម្រួល ឈូក បូរ៉ា

To Top