ព័ត៌មានអន្តរជាតិ

តួកគី ជំរុញឲ្យលោកខាងលិច បញ្ឈប់ការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ និងវេណេស៊ុយអេឡា

អង់ការ៉ា៖ តួកគី បានអំពាវនាវឱ្យដកទណ្ឌកម្ម លោកខាងលិចលើអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា ហើយបានថ្កោលទោស សហរដ្ឋអាមេរិក ចំពោះការដាក់សម្ពាធលើ ប្រទេសអារ៉ាប៊ីសាអូឌីត ជុំវិញការសម្រេចចិត្តរបស់អង្គការ OPEC+ ដើម្បីកាត់បន្ថយការផលិតប្រេង។

រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បានប្រាប់សន្និសីទ សារព័ត៌មានមួយនៅខេត្ត Mersin ភាគខាងត្បូងប្រទេសតួកគីថា ការព្យាយាមផលិតថាមពល បានក្លាយទៅជាកត្តាប៉ះពាល់ ដល់តម្លៃថាមពលពិភពលោក។

លោកបានលើកឡើងថា “យើងឃើញថាប្រទេសមួយ កំពុងគំរាមកំហែងអារ៉ាប៊ីសាអូឌីត ហើយការសម្លុតនេះមិនត្រឹមត្រូវនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុនបានប្តេជ្ញាថានឹងមាន “ផលវិបាក” សម្រាប់ប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+ បានសម្រេចចិត្តកាត់បន្ថយផលិតកម្ម។

លោក Cavusoglu បានបន្ដថា “យើងគិតថាវាមិនត្រឹមត្រូវនោះទេ សម្រាប់សហរដ្ឋអាមេរិក ក្នុងការប្រើវិធីនេះ ក្នុងនាមជាធាតុផ្សំនៃសម្ពាធ លើអារ៉ាប៊ីសាអូឌីត ឬប្រទេសណាមួយផ្សេងទៀត” ។

លោក​ក៏​បាន​លើកឡើងដែរ​ថា ពិភពលោក​ត្រូវ​ការ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​របស់​វ៉េណេស៊ុយអេឡា។ លោករដ្ឋមន្ត្រីបានបន្ថែមថា “ពួកគេទើបតែចាប់ផ្តើមបន្ធូរបន្ថយ ការហ៊ុមព័ទ្ធលើប្រទេស វេណេហ្ស៊ុយអេឡា។ ម្យ៉ាងវិញទៀតមានការហ៊ុមព័ទ្ធលើប្រេងអ៊ីរ៉ង់”។

លោកបានបន្ថែមថា ទណ្ឌកម្មត្រូវតែត្រូវបានដកចេញ លើប្រទេសអ្នកផ្គត់ផ្គង់ ប្រសិនបើពិភពលោកចង់ឱ្យតម្លៃធ្លាក់ចុះ ដោយកត់សម្គាល់ថា “អ្នកមិនអាចដោះស្រាយបញ្ហានេះ ដោយគ្រាន់តែគំរាមកំហែង ប្រទេសមួយប៉ុណ្ណោះ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top