តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់បានថ្កោលទោស ចំពោះចំណាត់ការរបស់ប្រទេស កាណាដា ក្នុងការដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីរ៉ង់ ដែលធ្វើឡើងបន្ទាប់ពី “ភាពឆ្កួតលីលា នៃការដាក់ទណ្ឌកម្ម របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក” ។
លោក Nasser Kanaani បានឲ្យដឹងនៅក្នុងការបង្ហោះ នៅលើ Instagram របស់លោកថា “ភាពឆ្កួតលីលា នៃការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាល សហរដ្ឋអាមេរិក បានប្រែទៅជាមេរោគមួយឆ្លងយ៉ាងឆាប់រហ័ស ត្រូវបានផ្ទេរទៅឱ្យមិត្តភក្តិរបស់ខ្លួន” ។
លោកបានបន្ដថា តាមទស្សនៈរបស់ប្រទេសកាណាដា និងសម្ព័ន្ធមិត្តលោកខាងលិច ដែលប្រឆាំងនឹងអ៊ីរ៉ង់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច គឺមិនគ្រប់គ្រាន់នោះទេ ហើយអ៊ីរ៉ង់ក៏គួរតែត្រូវបានដកហូត “សិទ្ធិក្នុងការបញ្ចេញមតិ និងយោបល់របស់ខ្លួន លុះត្រាតែវានិយាយដូចពួកគេ” ។
លោកបានថ្កោលទោសទណ្ឌកម្ម លើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានអ៊ីរ៉ង់ថា ជាការរំលោភសិទ្ធិមូលដ្ឋានរបស់ប្រទេសអ៊ីរ៉ង់ក្នុងការបញ្ចេញមតិ និងព័ត៌មាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រៅពីការដាក់ទណ្ឌកម្មពីមុនមកលើបណ្តាញសារព័ត៌មាន Press TV ជាភាសាអង់គ្លេសរបស់អ៊ីរ៉ង់ កាណាដាបានដាក់ទណ្ឌកម្មថ្មីលើទីភ្នាក់ងារសារព័ត៌មាន Tasnim និង Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ កាសែត Kayhan Nour News ដែលជាសាខា របស់ឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិ ដែលជាអតីតប្រធាន និងកំពុងកាន់អំណាច។ ទូរទស្សន៍ IRIB របស់រដ្ឋ ក៏ដូចជាអ្នកយកព័ត៌មានរបស់អង្គការនេះ ។
យោងតាមកិច្ចការសកលកាណាដា ដែលជានាយកដ្ឋានរដ្ឋាភិបាល កាណាដា កាលពីថ្ងៃពុធបានដាក់ទណ្ឌកម្ម បន្ថែមលើបុគ្គលអ៊ីរ៉ង់ចំនួន ៦រូប និងអង្គភាពចំនួន៤ សម្រាប់ “ការចូលរួម ឬបើកការរំលោភសិទ្ធិមនុស្ស ប្រឆាំងនឹងស្ត្រី និងការផ្សព្វផ្សាយការឃោសនា”៕
ប្រែសម្រួល ឈូក បូរ៉ា