យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានប្រាប់សមភាគីអ៊ុយក្រែន លោក Oleksii Reznikov ឲ្យដឹងថា អ៊ីស្រាអែល នឹងមិនផ្តល់អាវុធដល់អ៊ុយក្រែននោះទេ។
ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីរបាន ជួបជជែកគ្នាតាមទូរស័ព្ទ និង “បានធ្វើការពិភាក្សាជាវិជ្ជមាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
លោក Gantz បានលើកឡើងថា អ៊ីស្រាអែល នឹងមិនផ្តល់ប្រព័ន្ធសព្វាវុធ ដល់អ៊ុយក្រែនទេ ដោយលើកឡើងពី “ដែនកំណត់ប្រតិបត្តិការ” ដែលអ៊ីស្រាអែលប្រឈមមុខ។
ទោះជាយ៉ាងណាក៏ដោយលោក Gantz បានផ្តល់ជំនួយដល់អ៊ុយក្រែន ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធប្រកាសអាសន្ន។ ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីបានយល់ព្រម “ធ្វើការសន្ទនាប្រកបដោយវិជ្ជាជីវៈ ដើម្បីជួយអ៊ុយក្រែន ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធព្រមានជនស៊ីវិល” ។
ក្រសួងបានឲ្យដឹងថា លោក Reznikov បានសង្ខេបជូនលោក Gantz អំពីការវិវត្តនៃវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ហើយលោក Gantz បានសម្តែងនូវ “ការរំលែកទុក្ខរបស់លោកទាក់ទងនឹង ការបាត់បង់ជីវិតដ៏សោកនាដកម្ម និងការព្រួយបារម្ភអំពីវិបត្តិមនុស្សធម៌ ដែលជាលទ្ធផលនៃសង្រ្គាម” ។
កាលពីសប្តាហ៍មុន អ៊ីស្រាអែល បានស្នើឱ្យជួយអ៊ុយក្រែន បង្កើតប្រព័ន្ធព្រមានការ វាយប្រហារតាមផ្លូវអាកាស សម្រាប់ជនស៊ីវិល ដោយបដិសេធសំណើផ្លូវការ របស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ក្នុងការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធប្រឆាំងរ៉ុក្កែត Iron Dome និងប្រព័ន្ធអាវុធផ្សេងទៀត ដើម្បីទប់ទល់នឹងការវាយប្រហារ ដោយយន្តហោះដ្រូនរបស់រុស្ស៊ី ៕
ប្រែសម្រួល ឈូក បូរ៉ា