គៀវ៖ យោងតាមរបាយការណ៍ពីប្រភពសារព័ត៌មានរដ្ឋ RIA Novosti បានឱ្យដឹងថា ផ្នែកមួយនៃផ្លូវរថភ្លើងដែលតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅប្រទេសបេឡារុស្ស ត្រូវបានខូចខាតដោយឧបករណ៍ផ្ទុះកាលពីយប់ថ្ងៃចន្ទ។
យោងតាមរបាយការណ៍ ការផ្ទុះនេះបានបំផ្ទុះផ្នែកខ្លះនៃផ្លូវរថភ្លើងរវាងទីប្រជុំជនរុស្ស៊ី Novozybkiv និង Zlinka ក្នុងតំបន់ Bryansk ដែលមានព្រំប្រទល់ជាប់ប្រទេសបេឡារុស្ស និងអ៊ុយក្រែននៅភាគខាងលិច និងខាងត្បូងរៀងៗខ្លួន។
ក្រុមឃ្លាំមើល Belarusian Gayun បានបង្ហោះរូបថតនៃការបំផ្ទុះនេះ ហើយបានឲ្យដឹងថា ផ្លូវដែកត្រូវបានប្រើប្រាស់យ៉ាងសកម្ម សម្រាប់ការដឹកជញ្ជូនយោធារវាងរុស្ស៊ី និងបេឡារុស្ស។
លោក Alexander Bogomaz អភិបាលនៃតំបន់ Bryansk ក៏បានបង្ហោះអំពីការផ្ទុះនៅលើគណនី Telegram របស់លោកផងដែរ ហើយបានលើកឡើងថា ខណៈដែលផ្លូវដែកបានរងការខូចខាតនោះ មិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ។ នៅពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះការបំផ្ទុះនេះ។
ការផ្ទុះនេះត្រូវបានគេរាយការណ៍នៅក្នុងខួបលើកទី៨ខែនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។ បេឡារុស្ស គឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយសម្រាប់រុស្ស៊ី សូម្បីតែមុនពេលការលុកលុយរបស់អ៊ុយក្រែន រួមទាំងការអនុញ្ញាតឱ្យទាហានរុស្ស៊ី ឡើងតាមព្រំដែនអ៊ុយក្រែនរបស់ខ្លួនក្នុងខែមករា និងកុម្ភៈ។
កាលពីសប្តាហ៍មុន ប្រទេសបេឡារុស្សបានប្រកាសថា ខ្លួនកំពុងរៀបចំសម្រាប់សង្គ្រាមនៅមុខផ្ទះរបស់ខ្លួន ដោយចែកចាយអាវុធទូទាំងប្រទេស។ ប្រធានក្រសួងស្ថានការណ៍គ្រាអាសន្ន លោក Vadym Sinyavskyi បានលើកឡើងថា អាវុធមាននៅនឹងកន្លែង ដូច្នេះប្រជាពលរដ្ឋអាច “ការពារមាតុភូមិ”៕