ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ុយក្រែន ជាង១០ម៉ឺននាក់ ធ្វើដំណើរមកដល់អង់គ្លេសចាប់តាំងពីខែមិនា

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍​ BBC នៅថ្ងៃនេះបានឲ្យដឹងថាជនជាតិអ៊ុយក្រែន ប្រមាណជា១០៤០០០នាក់ហើយដែលបានធ្វើដំណើរភៀសខ្លួន មកដល់ប្រទេសអង់គ្លេស តាមរយៈកម្មវិធីវិសាស្របច្បាប់រវាងប្រទេសទាំងពីរ។

ការប្រកាសដែលធ្វើឡើង ដោយរដ្ឋាភិបាលអង់គ្លេស បានបញ្ជាក់ទៀតថា គិតត្រឹមថ្ងៃចន្ទ ដើមសប្តាហ៍កន្លងមកនេះ ពលរដ្ឋអ៊ុយក្រែនក្រោមកម្មវិធីវិសាគ្រួសារឬ Family Scheme មានចំនួនប្រមាណ ជា៣១៣០០នាក់និងក្រោមកម្មវិធីលំនៅដ្ឋាន សម្រាប់អ៊ុយក្រែន ឬ Home for Ukraine Sponsorship scheme មានចំនួន៧២៧០០នាក់ ដែលកម្មវិធីទាំងពីរត្រូវបានដាក់ឲ្យដំណើរការ តាំងតែពីខែមិនាមកម្ល៉េះ។

រដ្ឋាភិបាលអង់គ្លេស ក៏មានកាតព្វកិច្ចក្នុងការផ្តល់ប្រាក់ ដែលមានរួមទាំងថវិកាគាំទ្រសរុប១០៥០០ផោនផងដែរ សម្រាប់ពលរដ្ឋអ៊ុយក្រែនម្នាក់ៗ ហើយនៅពេលដែលពួកគេមកដល់អង់គ្លេស គឺត្រូវតែទទួលបានសិទ្ធក្នុងការធ្វើការងារ សិទ្ធក្នុងការទទួលបានការអប់រំនិងសិទ្ធ ក្នុងការទទួលបានសេវាសុខាភិបាលថែមទៀតផង៕ ប្រែសម្រួល៖ស៊ុនលី

To Top