ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ត្រូវការប្រាក់ប្រហែលជិត ៤ពាន់លានដុល្លារ ដើម្បីឆ្លងឲ្យផុតរដូវរងាខាងមុខនេះ

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីសម្រាប់ ការអភិវឌ្ឍន៍សហគមន៍ និងដែនដីអ៊ុយក្រែនលោក Oleksiy Chernyshov ថា អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៤ពាន់លានអឺរ៉ូ (ប្រហែល ៣,៩៧ពាន់លានដុល្លារ) ដើម្បីឆ្លងកាត់រដូវរងាខាងមុខនេះ។

លោក Chernyshov បានឲ្យដឹងនៅឯសន្និសីទ អ្នកជំនាញអន្តរជាតិស្តីពីការងើបឡើងវិញ ការកសាងឡើងវិញ និងទំនើបកម្មនៃអ៊ុយក្រែន នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ថា “យើងត្រូវការប្រាក់ចំនួន ៤ពាន់លានអឺរ៉ូ ដើម្បីឆ្លងកាត់រដូវរងានេះ ដើម្បីជួសជុលផ្ទះ ដើម្បីជួយដល់ការថែទាំសុខភាព និងការផ្គត់ផ្គង់ថាមពល” ។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ក្រៅពីនេះអ៊ុយក្រែន ខ្វះឧបករណ៍បម្រុង សម្រាប់ការផ្គត់ផ្គង់ទឹក និងថាមពល ដូចជាស្ថានីយ៍បន្សុតទឹកចល័ត ស្ថានីយ៍កំដៅចល័ត ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនកម្តៅអគ្គីសនី។

អ៊ុយក្រែន​កំពុង​ប្រឈម​នឹង ​វិបត្តិ​ថាមពល​នៅ​មុន​រដូវ​ត្រជាក់ ​រដូវរងា​ដោយសារ​ជម្លោះ​ជាមួយ​រុស្ស៊ី​ ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃទី១៨ ខែតុលា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានលើកឡើងថា ការវាយប្រហាររបស់រុស្ស៊ី បានបំផ្លាញស្ថានីយថាមពល របស់អ៊ុយក្រែនប្រហែល ៣០ភាគរយ ដែលបណ្តាលឱ្យមានការ ដាច់ភ្លើងដ៏ធំនៅទូទាំងប្រទេស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top