ព័ត៌មានអន្តរជាតិ

ជប៉ុន សន្យាផ្តល់ជំនួយកំដៅ ដល់អ៊ុយក្រែន ដែលរងគ្រោះដោយសង្រ្គាម នៅមុនរដូវរងា

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដាបានសន្យាផ្តល់ ឧបករណ៍កំដៅ និងការការពារផ្សេងទៀត ប្រឆាំងនឹងភាពត្រជាក់ ដល់អ៊ុយក្រែន ខណៈដែលសង្រ្គាម របស់ប្រទេសជាមួយរុស្ស៊ី បានឈានចូលដល់រដូវរងា។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសារជាវីដេអូមួយ ទៅកាន់សន្និសីទអន្តរជាតិ ស្តីពីជំនួយនេះថា “ប្រទេសជប៉ុនបានផ្តល់ការគាំទ្រ ដល់អ៊ុយក្រែន ក្នុងការរៀបចំ សម្រាប់រដូវរងាដ៏អាក្រក់ខាងមុខនេះ សម្រាប់អ៊ុយក្រែន ដែលធ្វើឡើង នៅទីក្រុងប៊ែរឡាំង។

ដើម្បីគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង កសាងឡើងវិញរបស់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានឈ្លានពាន នៅចុងខែកុម្ភៈ លោក គីស៊ីដា បាននិយាយថា ទីក្រុងតូក្យូបានចែករំលែក ជាមួយទីក្រុងគៀវ បទពិសោធន៍របស់ខ្លួន ក្នុងការតម្រៀប និងប្រើប្រាស់ឡើងវិញនូវ កំទេចកំទីពីការរញ្ជួយដី និងរលកយក្សស៊ូណាមិ ដែលបានវាយប្រហារភាគខាងកើត និងភាគឦសានប្រទេសជប៉ុន កាលពីខែមីនា ឆ្នាំ២០១១។

លោក​បាន​លើកឡើងថា “អ៊ុយក្រែន​អាច​ប្រើប្រាស់​កម្ទេចកម្ទី​ ដែល​កើត​ចេញ​ពី​ការ​ឈ្លានពាន ​របស់​រុស្ស៊ី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូ ជប៉ុន។

សារនេះត្រូវបានផ្ញើទៅកាន់ សន្និសីទអ្នកជំនាញអន្តរជាតិ ស្តីពីការស្តារ ការកសាងឡើងវិញ និងទំនើបភាវូបនីយកម្មនៃអ៊ុយក្រែន ដែលរៀបចំដោយ ប្រទេសអាល្លឺម៉ង់ និងគណៈកម្មការអឺរ៉ុប ដែលជាសាខា ប្រតិបត្តិនៃសហភាពអឺរ៉ុប។

ជប៉ុន​នឹង​ចូល​កាន់​តំណែង​ជា​ប្រធាន​ ប្តូរ​វេន​ នៃ​ក្រុម​ប្រទេសសេដ្ឋកិច្ចទាំង៧ (G-7) ពី​អាល្លឺម៉ង់​នៅ​ឆ្នាំ​ក្រោយ ដែល G-7 ក៏មានការចូលរួមពីចក្រភពអង់គ្លេស កាណាដា បារាំង អ៊ីតាលី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top