បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃពុធម្សិលមិញនេះ បានចេញមកធ្វើការ ប្រកាសបដិសេធ សាជាថ្មីទៅលើការអះអាង មួយដែលលោកជឿជាក់ថា គ្មានមូលដ្ឋានច្បាស់លាស់ ដែលចោទថា អ៊ីរ៉ង់បានផ្គត់ផ្គង់ដ្រូន ជាច្រើនទៅឲ្យប្រទេសរុស្សី ហើយបញ្ជាក់ថា អ៊ីរ៉ង់បានត្រៀមខ្លួនហើយ ដើម្បីជួបជាមួយនឹង អ៊ុយក្រែន ដើម្បីបកស្រាយបញ្ហានេះ ។
ថ្លែងទៅកាន់ក្រុម អ្នកយកព័ត៌មាន ក្នុងឱកាសដែលលោករដ្ឋមន្ត្រី កំពុងចូលរួមប្រជុំនិងផ្តល់បទសំភាស ជាមួយនឹងសមភាគី លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសបេឡារូស Vladimir Makei ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងតេហរ៉ង់ប្រទេសអ៊ីរ៉ង់ ។
លោករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះថា ពួកយើងនឹងបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានពិតប្រាកដពីសំណាក់ បណ្តាប្រទេសមួយចំនួន ដែលអះអាងរុស្សីបានប្រើប្រាស់ ដ្រូន របស់អ៊ីរ៉ង់នៅក្នុងសង្គ្រាម ក្នុងប្រទេសអ៊ុយក្រែន ។ ពួកយើងបានអញ្ជើញខាងភាគី ខាងអ៊ុយក្រែនហើយ ដើម្បីចូលរួមកិច្ចប្រជុំទ្វេភាគី នាពេលខាងមុខ ព្រមទាំងអ្នកជំនាញផង ដើម្បីមកពន្យល់ពីបញ្ហានេះជាមួយគ្នា៕
ប្រែសម្រួល៖ស៊ុនលី