ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក ស៊ុយអែត ធ្វើការត្រួតពិនិត្យ នៅកន្លែងលេចធ្លាយបំពង់ Nord Stream

ស្ដុកហូម ៖ កងទ័ពជើងទឹកស៊ុយអែត បានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាចំនួនពីរ ដើម្បីធ្វើការស៊ើបអង្កេត បន្ថែមលើការលេច ធ្លាយបំពង់បង្ហូរប្រេង Nord Stream នៅក្នុងសមុទ្របាល់ទិក ។

លោក Jimmie Adamsson ប្រធានផ្នែកទំនាក់ទំនងរបស់កងទ័ពជើងទឹក បានប្រាប់ទូរទស្សន៍ ស៊ុយអែត កាលពីថ្ងៃពុធថា “ខ្ញុំអាចបញ្ជាក់ថា យើងនៅទីនោះជាមួយនឹង អ្នកបោសសំអាតមីន” ដោយបន្ថែមថា នាវាទាំងពីរគ្រឿង នោះត្រូវបានដាក់ពង្រាយ “ដើម្បីអនុវត្តការងារ និងការស៊ើបអង្កេតនៅក្រោមទឹក” ។

លោក Adamsson បានលើកឡើងថា “យើង មានអារម្មណ៍ថា ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យបន្ថែម ដើម្បីបំពេញការ ស៊ើបអង្កេត” នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ដថា ការស៊ើបអង្កេតត្រូវបានធ្វើឡើង តាមគំនិតផ្តួចផ្តើម របស់កងទ័ពជើងទឹក ហើយមិនមែនជាផ្នែកមួយ នៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដំណាលគ្នារបស់ប្រទេសនោះទេ ។

លោក Adamsson បានបដិសេធមិនបញ្ចេញព័ត៌មាន បន្ថែមក្រៅពីគោលបំណង នៃប្រតិបត្តិការនេះគឺដើម្បីបំពេញតម្រូវ ការរបស់កងទ័ពជើងទឹក។

មុននេះ កងទ័ពជើងទឹកស៊ុយអែត បានជួយដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដោយដាក់ពង្រាយនាវាជួយ សង្គ្រោះនាវាមុជទឹក ដើម្បីស៊ើបអង្កេតទីតាំងមួយ ក្នុងចំណោមកន្លែង ដែលការលេចធ្លាយទាំងបួន បានកើតឡើងនៅក្នុងតំបន់ សេដ្ឋកិច្ចផ្តាច់មុខស៊ុយអែត និងដាណឺម៉ាកនៃសមុទ្របាល់ទិកក្នុងខែកញ្ញា៕

To Top