បរទេស៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទស្សនកិច្ច ដ៏ចម្រូងចម្រាស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីខែកក្កដា ដោយបានបំបែកយុទ្ធនាការ មួយ ដែលបានសន្យាថា នឹងគេចចេញ ពីព្រះរាជាណាចក្រមួយនេះ ដោយសារតែរដ្ឋបាលរបស់លោកគិតថា ខ្លួនបានធានាកិច្ចព្រមព្រៀងសម្ងាត់ សម្រាប់ទីក្រុង រីយ៉ាដ ក្នុងការជំរុញការផ្គត់ផ្គង់ប្រេង។ ផ្ទុយទៅវិញ ទីក្រុង រីយ៉ាដ បានធ្វើផ្ទុយពីនេះ ដោយដឹកនាំ OPEC ក្នុងការកាត់បន្ថយគោលដៅទិន្នផល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត New York Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់បទសម្ភាសន៍ជាមួយមន្ត្រីរដ្ឋាភិបាលអាមេរិក និងមន្រ្តីរដ្ឋាភិបាលនៅមជ្ឈិមបូព៌ា ដែលមិនបញ្ចេញអត្តសញ្ញាណថា ការកើនឡើងផលិតកម្មត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមពីខែកញ្ញារហូតដល់ចុងឆ្នាំនេះ ដែលជួយសម្រួលអតិផរណា និងបង្ហាញពីភាពត្រឹមត្រូវ នៃការធ្វើដំណើររបស់លោក Biden ទៅកាន់ទីក្រុង រីយ៉ាដ ។ កាលពីដើមខែនេះ OPEC បានប្រកាសពីផែនការកាត់បន្ថយផលិតកម្មចំនួន២លានបារ៉ែលក្នុងមួយថ្ងៃ ដោយបង្កើតសម្ពាធ កាន់តែខ្លាំងលើតម្លៃ និងបង្កើនហានិភ័យ ដែលគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក Biden នឹងបាត់បង់ការគ្រប់គ្រងសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា។
សមាជិកសភាអាមេរិក ជាច្រើននាក់បានឆ្លើយតបដោយស្នើថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គួរតែដាក់ទណ្ឌកម្មទៅលើ ប្រទេសអារ៉ាប៊ីសាអូឌីត ដោយកាត់ផ្តាច់ការ លក់អាវុធ ឬដកការគាំទ្រ ផ្នែកយោធារបស់ខ្លួន សម្រាប់ព្រះរាជាណាចក្រនេះ។ លោក Biden បានចោទប្រកាន់ទីក្រុង រីយ៉ាដ ពីបទចូលដៃជាមួយរុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន ហើយបានព្រមានពីការសងសឹកដោយនិយាយថា “នឹងមានផលវិបាក” ៕
ប្រែសម្រួលៈ ណៃ តុលា