ព័ត៌មានអន្តរជាតិ

រុស្ស៊ី រំលឹកឡើងវិញថា ការដាក់ពង្រាយកងទ័ព នៅមាត់ទ្វាររុស្ស៊ី មិនរួមចំណែក ដល់ការបង្កើតស្ថិរភាព នោះទេ

បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ការដាក់ពង្រាយកងទ័ពអាមេរិក នៅក្នុងប្រទេសរូម៉ានី បានបង្កើនហានិភ័យ សម្រាប់សន្តិសុខ របស់រុស្ស៊ី ហើយនឹងជំរុញឱ្យ ទីក្រុងម៉ូស្គូ ចាត់វិធានការតបតវិញ ។ លោកបាននិយាយសំដៅ ទៅកងពលធំទ័ពអាកាសទី ១០១ របស់កងទ័ពអាមេរិក ដែលបច្ចុប្បន្នកំពុងឈរជើង ក្នុងប្រទេសរ៉ូម៉ានី ជាប់ព្រំដែនអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Peskov បានកត់សម្គាល់ថា “កងទ័ពអាមេរិកកាន់តែខិតទៅជិតព្រំដែនរបស់យើង គ្រោះថ្នាក់កាន់តែធំ ដែលយើងកំពុងស្ថិតនៅ” ។ លោកបានបន្តថា មានកត្តាជាច្រើនសម្រាប់ក្រុងម៉ូស្គូ ក្នុងវត្តមានយោធាបែបនេះ នៅពេលបង្កើតក្របខ័ណ្ឌសន្តិសុខ របស់ខ្លួន។

លោក Peskov បានរំលឹកឡើងវិញថា ការដាក់ពង្រាយបែបនេះ នៅលើមាត់ទ្វាររបស់រុស្ស៊ី “មិនរួមចំណែក ដល់ការព្យាករណ៍ និងបង្កើតស្ថិរភាពនោះទេ” ។

កាលពីសប្តាហ៍មុន ដោយនិយាយទៅកាន់ CBS News មេបញ្ជាការកងពលធំទ័ពអាកាសទី 101 បាននិយាយថា ពួកគេនឹងមិនស្ទាក់ស្ទើរ ក្នុងការចូលអ៊ុយក្រែននោះទេ ប្រសិនបើជម្លោះដោយផ្ទាល់ផ្ទុះឡើងរវាងរុស្ស៊ី និងណាតូ។

ជាសរុបទាហានអាមេរិកប្រហែល ៤ ៧០០ នាក់មកពីកងពលធំទ័ពអាកាសទី101 ត្រូវបានបញ្ជូនទៅអឺរ៉ុប។ ខណៈពេលដែលនៅក្នុងប្រទេសរ៉ូម៉ានី កងពលដែលត្រូវបានដាក់ឈ្មោះហៅក្រៅថា “Screaming Eagles” កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិត និងវាយប្រហារតាមផ្លូវអាកាសជាមួយសមភាគីណាតូរបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top