ព័ត៌មានអន្តរជាតិ

-រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ទូរស័ព្ទទៅរដ្ឋមន្រ្តីការពារជាតិឥណ្ឌា និងចិន ថា អ៊ុយក្រែនអាចនឹងប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បានព្រមានឱ្យដឹងជាមុនទៅសមភាគីឥណ្ឌា និងចិនរបស់លោកថា រដ្ឋាភិបាលទីក្រុងគៀវ អាចបំផ្ទុះគ្រាប់បែកកខ្វក់ ដែលជាគ្រាប់មានធាតុវិទ្យុសកម្ម។ លោកបានលើកឡើងពីបញ្ហានេះក្នុងអំឡុងពេលទូរស័ព្ទជាមួយ Rajnath Singh ខាងភាគីឥណ្ឌានិង Wei Fenghe ភាគីចិន កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ថា លោក Shoigu បានបញ្ជូនបន្ត “ការព្រួយបារម្ភរបស់លោកអំពីការបង្កហេតុដែលអាចកើតមានដោយអ៊ុយក្រែន” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី។ មន្ត្រីយោធាកំពូលរបស់ទីក្រុងមូស្គូ ធ្លាប់បានទាក់ទងទៅអ្នកដែលមានឋានៈដូចគ្នា ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀត ដើម្បីបញ្ជាក់អំពីការគំរាមកំហែងនេះ។

ក្រោយមកលោក Singh បានសរសេរនៅលើ Twitter ថា លោកបានប្រាប់លោក Shoigu ថា ទាំងសងខាងមិនគួរងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអាវុធវិទ្យុសកម្មនោះទេ។ លោកបានបញ្ជាក់ជាថ្មីថា ប្រទេសឥណ្ឌាអំពាវនាវឲ្យភាគីនានា «បន្តតាមផ្លូវនៃការសន្ទនា និងការទូតសម្រាប់ការដោះស្រាយជម្លោះនៅដំណាក់កាលដំបូង»។

យ៉ាងណាក៏ដោយ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសអាមេរិក អង់គ្លេស និងបារាំងបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយច្រានចោលការអះអាងរបស់រុស្ស៊ីថា ជា “ការចោទប្រកាន់នេះ មិនពិតប្រកបដោយតម្លាភាព”៕

To Top