ព័ត៌មានអន្តរជាតិ

បទវិភាគ៖ តើសហរដ្ឋអាមេរិក ចង់ជួយអាហ្វ្រិក ទទួលបានការអភិវឌ្ឍយ៉ាងពិតប្រាកដ ឬមួយក៏និយាយបានតែមាត់ ប្រៀបដូចជាចេញសែកស្អុយ ម្ដងទៀត ?

    កាលពីថ្ងៃទី ២៥ ខែតុលា ជា”ទិវាប្រឆាំងនឹងការដាក់ទណ្ឌកម្ម”ដែលបានកំណត់ដោយអង្គភាពអភិវឌ្ឍន៍រួមនៃអាហ្រ្វិកខាងត្បូង ។ ប្រទេសអាហ្វ្រិកជាច្រើន បានអំពាវនាវម្តងទៀតឱ្យប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមលុបចោល ការដាក់ទណ្ឌកម្មទៅលើប្រទេសហ្ស៊ីមបាវេ ។ នាពេលមុននេះមិនជាយូរប៉ុន្មាន ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ លោក  Hage Geingob ប្រធានាធិបតីណាមីប៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការដាក់ទណ្ឌកម្មខុសច្បាប់ក្នុងរយៈពេលយូររបស់ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើមដោយអះអាងថា ហ្ស៊ីមបាវេគួរតែបម្រះខ្លួនចេញផុតពីការដាក់ទណ្ឌកម្ម ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ ។ ការសម្តែងអាកប្បកិរិយាបែបនេះទទួលបានការឆ្លើយតប យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។

    សូមបញ្ជាក់ថា គិតរហូតដល់បច្ចុប្បន្ននេះ ការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកចំពោះប្រទេសហ្ស៊ីមបាវេបានអូសបន្លាយអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។ តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ ហ្ស៊ីមបាវេបានរងការខូចខាតខាងសេដ្ឋកិច្ចសរុបលើសពី ៤ ម៉ឺនលានដុល្លារអាមេរិកដោយសារការដាក់ទណ្ឌកម្មពីខាងក្រៅ ។ សហគមន៍អន្តរជាតិបានយល់ឃើញជាទូទៅថា ការដាក់ទណ្ឌកម្មរយៈពេលយូររបស់ប្រទេសលោកខាងលិចដូចជាអាមេរិកជាដើមបានរំលោភលើអធិបតេយ្យភាពនិងសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសហ្ស៊ីមបាវេ ក៏ដូចជាបានរំលោភលើក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិស្តីពីការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ហើយគឺជាទង្វើអនុត្តរភាពនិយមនិងអំណាចផ្តាច់ការខាងនយោបាយ សហគមន៍អន្តរជាតិចាំបាច់ត្រូវថ្កោលទោសចំពោះការនេះ ។

    បន្ទាប់ពីបានឡើងកាន់អំណាចមក រដ្ឋាភិបាលអាមេរិកអាណត្តិបច្ចុប្បន្នបានបង្ហាញពី”សុទ្ធចិត្ត”ដែលចង់ស្វែងរកឱកាស សហប្រតិបត្តិការ ជាមួយអាហ្រ្វិកជាបន្តបន្ទាប់ ហើយទំនាក់ទំនងការទូតជាមួយអាហ្រ្វិក បានឡើងកម្តៅយ៉ាងលេចធ្លោ ។ កាលពីខែកក្កដាឆ្នាំនេះ សហរដ្ឋអាមេរិកនិងប្រទេសអាហ្រ្វិក បានរៀបចំធ្វើកិច្ចប្រជុំកំពូល ស្តីពីឧស្សាហកម្មនិងពាណិជ្ជកម្ម ។ កាលពីខែសីហា ឆ្នាំនេះ លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានបំពេញទស្សនកិច្ចនៅទ្វីបអាហ្រ្វិកជាលើកទីពីរក្នុងអំឡុងពេលអាណត្តិកាលរបស់ខ្លួន ហើយបានប្រកាសពីយុទ្ធសាស្ត្រថ្មី របស់សហរដ្ឋអាមេរិក ចំពោះអនុតំបន់សាហារ៉ាអាហ្វ្រិកដោយអះអាងថា អាមេរិកនឹងជំរុញ ការបើកទូលាយរបស់អាហ្រ្វិក ជួយអាហ្វ្រិកឱ្យយកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញជាដើមក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ។

    យ៉ាងណាមិញ មជ្ឈដ្ឋានមតិសាធារណៈ សម្គាល់ឃើញជាទូទៅថា ក្នុងបរិបទដែលអាមេរិកកំពុងពន្លឿនការប្រកួតប្រជែងជាមួយ ប្រទេសមហាអំណាច អ្វីដែលហៅថា យុទ្ធសាស្ត្រថ្មីចំពោះអាហ្វ្រិកដែលអាមេរិកកំពុង អនុវត្តមិនមែនដើម្បីជួយអាហ្វ្រិក ឱ្យទទួលបានការអភិវឌ្ឍនោះទេ តែគឺប៉ុនប៉ងបំភាន់ថា អាហ្រ្វិកជាកូនអុកនិងឧបករណ៍នយោបាយសម្រាប់បម្រើតែផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់អាមេរិកដោយយកកិច្ចសហប្រតិបត្តិការធ្វើជាលេស ។

    នាពេលបច្ចុប្បន្ននេះ ដោយសាររងផលប៉ះពាល់ពីការឡើងកម្តៅនៃវិបតិ្តអ៊ុយក្រែន ក៏ដូចជាហានិភ័យវិបតិ្តសន្តិសុខ ស្បៀងអាហារ និងថាមពល ជាដើមកើនឡើង ដែលបាននាំមកនូវបញ្ហាប្រឈមយ៉ាងខ្លាំង ដល់ប្រទេសអាហ្វ្រិក ដែលចង់ស្វែងរកការស្តារសេដ្ឋកិច្ច ឡើងវិញ ។ ប៉ុន្តែ ប្រទេសលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកមិនត្រឹមតែមិនយកចិត្តទុកដាក់លើបញ្ហាពិបាកអំពីការអភិវឌ្ឍដែលទ្វីបអាហ្រ្វិកបាននិងកំពុងប្រឈមមុខប៉ុណ្ណោះទេ ថែមទាំងក៏បែរជាបន្តបង្កើន ការដាក់ទណ្ឌកម្មទៅលើ ពិភពខាងក្រៅ រហូតដល់បង្ខំឱ្យប្រទេសអាហ្រ្វិកឈរនៅម្ខាង ជាមួយអ្នកណាទៀតផង ។ ប្រការនេះមិនខុសអ្វីពីការយកសាំងមកចាក់លើភ្លើងនោះទេ ។

   តើសហរដ្ឋអាមេរិកចង់ជួយអាហ្វ្រិក ទទួលបានការអភិវឌ្ឍ យ៉ាងពិតប្រាកដ ឬមួយក៏និយាយបានតែមាត់ ប្រៀបដូចជាចេញសែកស្អុយ ម្ដងទៀត ? ការពិតជាក់ស្តែង គឺជាភស្តុតាងល្អបំផុត ។ ប្រសិនបើចង់ធ្វើកិច្ចសហប្រតិបត្តិការ នោះ អ្នកនយោបាយនៅទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ឈប់ការដាក់ទណ្ឌកម្ម ទៅលើប្រទេសអាហ្វ្រិកមួយចំនួន ជាមុនសិន ៕

To Top