បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីគឺជាប្រទេសដែលឯករាជ្យ និងមិនបានពិចារណាថាខ្លួនឯងគឺជា សត្រូវរបស់លោកខាងលិចឡើយ។
លោក Putin ដែលបានថ្លែងប្រាប់ទៅកាន់ កិច្ចប្រជុំមួយកាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា៖ នៅក្នុងលក្ខខណ្ឌស្ថានភាព នៅពេលនេះវាគឺជា ជម្លោះដ៏តានតឹងមួយ។ ខ្ញុំនឹងនិយាយឲ្យចំថា រុស្សីគឺជាប្រទេសដ៏ឯករាជ្យ និងមិនដែលគិតថាខ្លួនឯង គឺជាសត្រូវរបស់បណ្តាប្រទេស នៅលោកខាងលិចឡើយ។
ទោះបីជាយ៉ាងណាក្តីលោក Putin បានបែងចែកលោកខាងលិច បច្ចុប្បន្នទៅជាក្រុមមនុស្សចំនួន២ ដែលទីមួយគឺជាក្រុមមនុស្ស ដែលគោរពគ្រិស្តសាសនា ជាធំដែលមានលក្ខណៈ ស្រដៀងទៅនឹងរុស្សីភាគច្រើន ហើយក៏មានដូនតា និងប្រវត្តិប្រពៃណីដូចគ្នាតាំងពីបុរាណមកដែរ ប៉ុន្តែមួយក្រុមទៀតនៅអឺរ៉ុប គឺជាក្រុមមនុស្សក្រេវក្រោធ មាននិន្នាការរើសអើង និងប្រឆាំងទៅនឹងរុស្សី ៕
ប្រែសម្រួល៖ ស៊ុន លី