បរទេស៖ ក្រុមហ៊ុនអ៊ុយក្រែនមួយបានបញ្ចេញយន្តហោះគ្មានមនុស្សបើកដែលត្រូវបានគេកំណត់គោលដៅសម្រាប់កាំភ្លើងធំដែលផ្គត់ផ្គង់ដោយលោកខាងលិច។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក UAV ‘Shark’ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិតអាវុធ Ukrspecsystems ត្រូវបានរចនាឡើងដើម្បីហោះហើរបេសកកម្មឈ្លបយកការណ៍ និងឃ្លាំមើលរហូតដល់ ៦០គីឡូម៉ែត្រ ពីក្រោយបន្ទាត់សត្រូវ តាមដានគោលដៅនៅចម្ងាយ ៥គីឡូម៉ែត្រ។
យន្តហោះនេះត្រូវបានគេនិយាយថា មានភាពធន់ និងអាចកំណត់គោលដៅសម្រាប់ការបាញ់កាំភ្លើងធំ។ យោងតាមកាសែត Ukrainskaya Pravda គឺយន្តហោះនេះអាចដំណើរការស្របគ្នាជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយដែលផ្គត់ផ្គង់ដោយលោកខាងលិច រួមទាំងគ្រាប់រ៉ុក្កែត M142 HIMARS ដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា “ថ្ងៃនេះ យន្តហោះ Shark បានត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រើប្រាស់នៅលើសមរភូមិ” ។ មុននេះ វាបានពណ៌នាអំពីយន្តហោះនេះថាជា “ទាហានឈ្លបដ៏ល្អឥតខ្ចោះ – ស្ងាត់ លឿន និងប្រើប្រាស់បានយូរ” ៕