ព័ត៌មានអន្តរជាតិ

ស្វាមីរបស់ប្រធានសភាអាមេរិក Nancy Pelosi ត្រូវបុរសម្នាក់ប្រើញញួរវាយដល់ក្នុងផ្ទះ រហូតដល់ចូលមន្ទីរពេទ្យ

បរទេស៖ ស្វាមីរបស់ប្រធានសភាអាមេរិក Nancy Pelosi គឺលោក Paul ត្រូវបានគេវាយដំយ៉ាងឃោរឃៅនៅផ្ទះក្នុងទីក្រុង San Francisco នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរបស់អ្នកនយោបាយកាលពីថ្ងៃសុក្រ។ ប៉ូលិសនិយាយថា ជនសង្ស័យនឹងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមមន្ត្រីក្នុងតំបន់បាននិយាយថា បុរសនោះត្រូវបានគេស្គាល់ថាជា David Depape អាយុ ៤២ឆ្នាំ បានប្រើញញួរវាយប្រហារស្វាមីរបស់លោកស្រី Pelosi ដែលជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាឈ្មួញភាគហ៊ុន។

លោក William Scott ប្រធានប៉ូលីស San Francisco បានប្រាប់អ្នកយកព័ត៌មានថា Depape នឹងត្រូវចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។

កាសែត New York Times បានរាយការណ៍ថា អ្នកឈ្លានពានកំពុងស្វែងរកប្រធានសភាគឺលោក Pelosi ហើយបានប្រឈមមុខនឹងស្វាមីរបស់លោកស្រី Pelosi ដោយស្រែកថា “តើ Nancy នៅឯណា Nancy នៅឯណា?” ។ នៅកំឡុងពេលនោះ លោកស្រី Nancy Pelosi ផ្ទាល់មិននៅក្នុងទីក្រុង San Francisco នៅពេលដែលមានការសម្រាកនោះទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top