ព័ត៌មានអន្តរជាតិ

សម្តេចតេជោ អញ្ជើញទស្សនាការប្រណាំងទូកង នៅក្រុងតាខ្មៅ ខេត្តកណ្តាល

ភ្នំពេញ​ ៖​ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 

ឆ្នាំនេះខេត្តកណ្តាលបានរៀបចំ ប្រណាំងទូកនៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។

ជាមួយនិងពិធីប្រណាំងទូកនេះ ខេត្តបានរៀបចំដាក់តាំងពិព័រណ៍ លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៩២ទូក ក្នុងនោះ៖ ទូកអុំ ចំនួន ៤៦ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀមការពារសន្តិសុខ សុវត្តិភាព ចំនួន ៧៨៤នាក់៕

To Top