បរទេស៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃអាទិត្យម្សិលមិញនេះ ហេតុការណ៍បាក់ស្ពានដ៏ធំមួយ ក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា បានធ្វើឲ្យអ្នកបាត់បង់ជីវិតមានការកើនឡើង ទៅដល់៦០នាក់ហើយ។
របាយការណ៍បានសរសេរថា៖ មនុស្សយ៉ាងហោចណាស់ ៦០នាក់បានស្លាប់ នៅក្នុងហេតុការណ៍នេះហើយ អ្នករបួសមានចំនួនច្រើន ខណៈដែលក្រុមការងារកំពុងធ្វើការងារ ដើម្បីជួយសង្គ្រោះនៅឡើយ ដោយសារតែជឿជាក់ថា មនុស្សជាច្រើនទៀត កំពុងបន្តជាប់គាំង នៅក្នុងគំនរបែកបាក់នៅឡើយ។
ប្រភពព័ត៌មានដោយកាសែត The Tribune បានសរសេរថាស្ពាន ដែលមានប្រវែងប្រមាណជា ២៣២ម៉ែត្រមួយនេះ ទើបតែបានបញ្ចប់ទៅនៃការជួសជុល ប្រហែលជា៤ថ្ងៃប៉ុណ្ណោះ និងបានដាក់ឲ្យដំណើរការឡើងវិញ។
គួរឲ្យដឹងដែរថារដ្ឋាភិបាលឥណ្ឌា បានប្រកាសនឹងផ្តល់សំណង ទៅដល់ជនរងគ្រោះ និងក្រុមគ្រួសារទាំងអស់ ជាមួយនឹងទំហំប្រមាណជា៤០០ ០០០រូពី ឬត្រូវជា៤ ៨៦០ដុល្លារ សម្រាប់អ្នកស្លាប់ម្នាក់ៗ៕ ប្រែសម្រួល៖ស៊ុនលី