ម៉ូស្គូ៖ រុស្ស៊ីបានប្រកាសថា ទីក្រុងមូស្គូ នឹងផ្អាកជាបន្ទាន់ និងគ្មានកំណត់នូវការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដោយចោទប្រកាន់អ៊ុយក្រែនថា បានបើកការវាយប្រហារដោយយន្តហោះដ្រូន ក្រោមការណែនាំរបស់អង់គ្លេស។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់ និងហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Sevastopol “កាលពីថ្ងៃទី 29 ខែតុលា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្រោមគម្របច្រករបៀងមនុស្សធម៌ ដែលបង្កើតឡើង សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ សម្រាប់ការនាំចេញកសិផលអ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាស និងសមុទ្រដ៏ធំដោយប្រើយន្តហោះដ្រូនប្រឆាំងនឹងសមុទ្រខ្មៅរុស្ស៊ី។
អ៊ុយក្រែន និងអង់គ្លេស បានបដិសេធការចោទប្រកាន់នេះ ខណៈដែលអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការអត់ធ្មត់ពីគ្រប់ភាគី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានបន្ថែមថា ជាលទ្ធផលនៃ “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងកប៉ាល់រុស្ស៊ី ភាគីរុស្ស៊ី មិនអាចធានាសុវត្ថិភាពរបស់កប៉ាល់ដឹកទំនិញស្ងួតស៊ីវិល ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបាននោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនលើទីក្រុង Sevastopol ត្រូវបានរៀបចំឡើងក្រោមការណែនាំរបស់អ្នកឯកទេសកងទ័ពជើងទឹកអង់គ្លេស។
ទន្ទឹមនឹងនេះ យោធារុស្ស៊ី បានរាយការណ៍ថា ពួកគេមានព័ត៌មាន ស្តីពីការជាប់ពាក់ព័ន្ធនៃសេវាកម្មសន្តិសុខរបស់អង់គ្លេសនៅក្នុងការផ្ទុះជាបន្តបន្ទាប់នៅលើបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង 2 នៅសមុទ្របាល់ទិក៕
ប្រែសម្រួល ឈូក បូរ៉ា