ព័ត៌មានអន្តរជាតិ

ក្រុមឧក្រិដ្ឋជន នៅក្នុងប្រទេសហ្វាំងឡង់ ទទួលបានអាវុធ ដែលត្រូវបានបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន

បរទេស ៖ ការិយាល័យស៊ើបអង្កេតជាតិ ហ្វាំងឡង់ (NBI) បាននិយាយថា ឧក្រិដ្ឋជននៅក្នុងប្រទេស ហ្វាំងឡង់ បានកាន់កាប់អាវុធមួយចំនួន ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន ដោយអ្នកគាំទ្រលោកខាងលិច ចំពេលមានជម្លោះ ជាមួយប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Christer Ahlgren អគ្គនាយកស៊ើបអង្កេតរបស់ NBI បានប្រាប់សារព័ត៌មាន Yle កាលពីថ្ងៃអាទិត្យថា “យើងបានឃើញសញ្ញា នៃអាវុធទាំងនេះហើយកំពុងស្វែង រកផ្លូវរបស់អាវុធទាំងនោះ ទៅកាន់ប្រទេសហ្វាំងឡង់” ។

លោក Ahlgren បានបន្តថា កាំភ្លើងវាយប្រហារស្ថិតក្នុងចំណោមសព្វាវុធ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ដោយសារការស៊ើបអង្កេត កំពុងបន្ត។

យោងតាមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ផ្លូវជួញដូរ អាវុធពីអ៊ុយក្រែន ទៅហ្វាំងឡង់ត្រូវបានបង្កើតឡើងរួចហើយ ។ ក្រុមក្មេងទំនើងម៉ូតូធំជាងគេចំនួន៣ នៅលើពិភពលោក – ដែលជាផ្នែកមួយនៃអង្គការ អន្តរជាតិ ធំជាង មានសកម្មភាពនៅក្នុងប្រទេសហ្វាំងឡង់ ។ មួយក្នុងចំណោមទាំងនេះគឺ Bandidos MC ដែលមានអង្គភាពនៅគ្រប់ទីក្រុងធំៗរបស់អ៊ុយក្រែន ។

លោក Ahlgren បានចង្អុលបង្ហាញថា “អង្គការឧក្រិដ្ឋកម្ម មានបណ្តាញរបស់ពួកគេ នៅក្នុងកំពង់ផែពាណិជ្ជកម្មហ្វាំងឡង់” ដោយបន្ថែមថា ការត្រួតពិនិត្យសុវត្ថិភាព ដែលចាំបាច់សម្រាប់បុគ្គលិក ព្រលានយន្តហោះមិនអនុវត្ត ចំពោះបុគ្គលិកកំពង់ផែទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top