ព័ត៌មានអន្តរជាតិ

Update៖ មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅសាធារណរដ្ឋឆេក ដើម្បីគាំទ្រដល់អ៊ុយក្រែន

PRAGUE៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រក្រុង PRAGUE កាលពីថ្ងៃអាទិត្យ  ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន ដែលបានប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី តាំងពីខែកុម្ភៈ ។

ពិធីប្រារព្ធឡើងក្រោមទង់ជាតិឆេក អ៊ុយក្រែន សហភាពអឺរ៉ុប និងអង្គការ NATO ហើយបាតុកម្ម “ឆេក ប្រឆាំងនឹងការភ័យខ្លាច” បាននាំអ្នកចូលរួមមកពីប្រទេសទាំង២រួមគ្នាទៅកាន់ទីលាន Wenceslas ដែលជាកន្លែងនិមិត្តរូប ។

និស្សិតអ៊ុយក្រែន Irina Udod បានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “ការជួបជុំនេះមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាគាំទ្រដល់ប្រទេសអ៊ុយក្រែន ហើយវាជាការរំលឹកថា យើងត្រូវគាំទ្រអ៊ុយក្រែន និងដោះស្រាយអ្វីៗទាំងអស់ដែលកំពុងកើតឡើងនៅក្នុងពិភពលោក និងក្នុងប្រទេសអ៊ុយក្រែនឱ្យបានល្អ” ។

គេបានដឹងថា សាធារណរដ្ឋឆេក បានផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌យ៉ាងច្រើនដល់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ។ 

វាគ្មិននៅក្នុងការជួបជុំនោះរួមមានលោកស្រី Olena Zelenska ភរិយារបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលបានអរគុណសាធារណរដ្ឋឆេកសម្រាប់ការគាំទ្រក្នុងសារជាវីដេអូ ។

បដាសំដៅទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបង្ហាញជារូបចម្លាក់អង្គុយលើបង្គន់ ព្រមទាំងសាកសពអាយ៉ងក្នុងមឈូសពណ៌ខ្មៅ ។

លោក Petr Stepanek ដែលបានចូលរួមក្នុងការជួបជុំនោះបានលើកឡើងថា “ការគាំទ្រដល់អ៊ុយក្រែនគឺមានសារៈសំខាន់ណាស់ ព្រោះអ៊ុយក្រែននឹងមិនធ្វើរឿងនេះបានដោយគ្មានជំនួយនោះទេ” ៕

To Top