បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតយ៉ាងហោចណាស់ បានរងរបួសធ្ងន់ និងបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងទីធ្លាខាងមុខនៃវិទ្យាល័យមួយកន្លែង ក្នុងទីក្រុង Toronto ប្រទេសកាណាដា។
ហេតុការណ៍បាញ់ប្រហារ ដែលត្រូវបានគេដឹងថា បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៣និង២២នារសៀល នៅខាងក្រៅវិទ្យាល័យ Woburn Collegiate ដែលវាបានធ្វើបុរសម្នាក់បាត់បង់ជីវិត នៅពេលដែលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយជនរងគ្រោះទី២ គឺជាយុវជនជំទង់ម្នាក់ និងក៏ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យរួចរាល់ហើយដែរ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះ វិទ្យាល័យ Woburn Collegiate ត្រូវបានបិទទាំងស្រុងបណ្តោះអាសន្ន ខណៈដែលមិនទាន់មាន ការចាប់ខ្លួនណាមួយនៅឡើយ ហើយក្រុមប៉ូលីសបានអះអាងថា ខ្មាន់កាំភ្លើង ដែលជាអ្នកបង្កហេតុកំពុងរត់គេចខ្លួន ទៅភាគខាងលិចនៃទីក្រុង៕ ប្រែសម្រួល៖ស៊ុនលី