ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចុះហត្ថលេខាលើ កិច្ចសន្យាទិញឧស្ម័ន ដែលមានតម្លៃ ៦,៥ពាន់លានដុល្លារ ជាមួយរុស្ស៊ី

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមានតម្លៃប្រហែល ៦,៥ពាន់លានដុល្លារអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យឧស្ម័ន។

អ្នកការទូតអ៊ីរ៉ង់លោក Mehdi Safari កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីនេះ គឺជាផ្នែកនៃអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលមានតម្លៃ ៤០ពាន់លានដុល្លារ ដែលបានចុះហត្ថលេខា រវាងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) និងក្រុមហ៊ុន Gazprom របស់រុស្ស៊ីកាលពីខែកក្កដា ដែលថ្មីៗនេះបានប្រែក្លាយទៅជា កិច្ចសន្យានាពេលថ្មីៗនេះ។

លោក Safari បានសម្តែងក្តីសង្ឃឹមថា ផ្នែកដែលនៅសល់នៃ MoU ក៏នឹងប្រែក្លាយទៅជាកិច្ចសន្យា ក្នុងរយៈពេលមួយខែ ដោយបន្ថែមថាការចរចា ក្នុងរឿងនេះកំពុងដំណើរការ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងដោះដូរឧស្ម័នរវាងអ៊ីរ៉ង់ និងរុស្ស៊ីក៏កំពុង ត្រូវបានបញ្ចប់ផងដែរ ដោយនិយាយថាបញ្ហាតែមួយគត់ ដែលនៅសេសសល់មិនទាន់សម្រេចចិត្ត គឺការជ្រើសរើសប្រទេសអន្តរការី សម្រាប់ការបញ្ជូនឧស្ម័នរុស្ស៊ី ទៅកាន់ប្រទេសអ៊ីរ៉ង់ ។

អ្នកការទូតអ៊ីរ៉ង់រូបបានបន្ដថា ផែនការរបស់អ៊ីរ៉ង់ គឺនាំចូលឧស្ម័នរបស់រុស្ស៊ី ខណៈពេលដែលការនាំចេញឧស្ម័នអ៊ីរ៉ង់ ទៅកាន់ទីផ្សារបរទេស ដោយកត់សម្គាល់ថា វាផ្តល់អត្ថប្រយោជន៍ ដល់ប្រទេសរបស់លោក ដោយកាត់បន្ថយការចំណាយ លើការផ្ទេរឧស្ម័នអ៊ីរ៉ង់ពី តំបន់ភាគខាងត្បូងទៅភាគខាងជើង។

លោក Safari បានបន្ថែមថា គម្រោងរួមគ្នានេះក៏នឹងជួយ បង្កើនសាមគ្គីភាពនយោបាយ ក្នុងចំណោមប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងប្រទេសអន្តរការី ដូចជាតូមិននីស្ថាន និងអាស៊ែបៃហ្សង់ ហើយដូច្នេះវានឹងរួមចំណែក ដល់ស្ថិរភាពនយោបាយ សន្តិសុខ និងសន្តិភាពក្នុងតំបន់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top