ញូវយ៉ក ៖ ក្រុមហ៊ុនអវកាសឯកជន របស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណប អ៊ីនធឺណេត Starlink ចំនួន ៥៣គ្រាប់ បន្ថែមទៀតដោយជោគជ័យទៅកាន់គន្លងតារាវិថី នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ៦ និង ១៤នាទីល្ងាចថ្ងៃព្រហស្បតិ៍ ម៉ោងនៅប៉ាស៊ីហ្វិក ពីយានអវកាស Space Launch Complex 4E នៅមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។
បន្ទាប់ពីការបាញ់បង្ហោះ SpaceX បានបញ្ជាក់ថា ផ្កាយរណប Starlink ត្រូវបានដាក់ពង្រាយ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ដំណាក់កាលដំបូងរបស់ Falcon 9 បានចុះចតនៅលើយាន្ដ Of Course I Still Love You ដែលឈរជើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។
ក្រុមហ៊ុន SpaceX បានឲ្យដឹងថា នេះជាការបាញ់ បង្ហោះលើកទី៨ និងការចុះចត សម្រាប់ឧបករណ៍ជំរុញ ដំណាក់កាលដំបូង Falcon 9 នេះ។ Starlink នឹងផ្តល់សេវាអ៊ីនធឺណិត ល្បឿនលឿនដល់ទីតាំង ដែលការចូលប្រើមិនគួរឱ្យទុកចិត្ត តម្លៃថ្លៃ ឬមិនអាចប្រើបានទាំងស្រុង នេះបើយោងតាម SpaceX៕
ប្រែសម្រួល ឈូក បូរ៉ា