តេអេរ៉ង់៖ អ៊ីរ៉ង់កំពុងរៀបចំការដឹកជញ្ជូនអាវុធដ៏ធំមួយដែលមានទាំងមីស៊ីល និងយន្តហោះដ្រូនចំនួន ១០០០គ្រឿងសម្រាប់រុស្ស៊ី ដែលនឹងជួយយ៉ាងខ្លាំងដល់សង្គ្រាមក្រុងមូស្គូ នៅអ៊ុយក្រែន ។
អ្នកជំនាញបានប្រាប់កាសែត The National ថា យុទ្ធនាការរបស់រុស្ស៊ី នឹងទទួលបានការកើនឡើងដ៏សំខាន់មួយជាមួយនឹងការដឹកជញ្ជូនយន្តហោះដ្រូនធុន kamikaze រាប់រយគ្រឿងបន្ថែមទៀត ហើយអ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៅទៀតនោះគឺ មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលផ្គត់ផ្គង់ដោយតេអេរ៉ង់។
វាត្រូវបានគេយល់ថា ការបញ្ជូននេះកំពុងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយសេវាកម្មចារកម្មលោកខាងលិច ជាពិសេសព្រោះវានឹងក្លាយជាឱកាសដំបូងដែលអ៊ីរ៉ង់បាននាំចេញមីស៊ីលពីដីទៅដី ដែលជាសក្តានុពលនៃអាវុធ Shahab ឬ Zolfaghar ។
សព្វាវុធត្រូវបានគេរំពឹងថានឹងមកដល់ក្នុងទឹកដីរុស្ស៊ីមុនដំណាច់ឆ្នាំនេះ។ អ្នកជំនាញខាងយោធាបានប្រាប់កាសែត The National ឲ្យដឹងផងដែរថា ខ្សែផ្គត់ផ្គង់ថ្មីមានន័យថា រុស្ស៊ី មិនអាចបន្ធូរបន្ថយសង្គ្រាមបាននោះទេ ដោយសារអ៊ីរ៉ង់មានឃ្លាំងផ្ទុកមីស៊ីលដ៏សំខាន់៕
ប្រែសម្រួល ឈូក បូរ៉ា