ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា មានជម្រកពិសេស ៤២៥កន្លែង ក្នុងករណីមានការវាយប្រហារ នុយក្លេអ៊ែរពីរុស្ស៊ី

គៀវ៖ ប្រមុខយោធាក្នុងតំបន់របស់ទីក្រុងគៀវ បានឲ្យដឹងថា ទឹកដីភាគខាងជើងអ៊ុយក្រែន បានរៀបចំ “ឃ្លាំងពិសេស” ជាច្រើនរយកន្លែង ដើម្បីរៀបចំសម្រាប់ការវាយប្រហារ នុយក្លេអ៊ែរដ៏មានសក្តានុពល ពីប្រទេសរុស្ស៊ី។

លោក Oleksiy Kuleba ប្រធានរដ្ឋបាលយោធាក្នុងតំបន់របស់ទីក្រុង បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន Hromadske ថារដ្ឋាភិបាលអ៊ុយក្រែន កំពុងរៀបចំសម្រាប់ “សេណារីយ៉ូករណីដ៏អាក្រក់បំផុត” នៅពេលដែលភាពតានតឹង នៅតែបន្តកើនឡើង នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក Kuleba បានលើកឡើងថា “រយៈពេលប្រាំបីខែចុងក្រោយនេះ បានបង្រៀនយើងថាអ្វីៗ អាចកើតឡើង” នេះបើយោងតាមរបាយការណ៍ លោកថា “ក្នុងនាមជាមន្ត្រីម្នាក់ ខ្ញុំកំពុងរៀបចំសម្រាប់សេណារីយ៉ូ ករណីដ៏អាក្រក់បំផុត ប៉ុន្តែខ្ញុំសង្ឃឹមថាអ្វីៗនឹងល្អ”។

លោក Kuleba បានប្រាប់អ្នកសារព័ត៌មានថា យោធារបស់ទីក្រុងគៀវ បានរៀបចំ “ឃ្លាំងពិសេស” ក្រោមដីចំនួន ៤២៥កន្លែងនៅទូទាំងតំបន់។ មន្ត្រីយោធារូបនេះបានបន្ថែមថា មានជម្រករាប់ពាន់កន្លែង នៅទូទាំងតំបន់រួចហើយ ប៉ុន្តែបានកត់សម្គាល់ថា ពួកគេ “មិនស័ក្តិសម សម្រាប់ការការពារប្រឆាំងនឹង ការគំរាមកំហែងពីវិទ្យុសកម្មនោះទេ” ។

លោកបន្ថែមថា “វាច្បាស់ណាស់ថា ជាដំបូង មនុស្សម្នាក់គួរតែទៅទីជម្រក” ដោយលោកលើកឡើង ពីរបៀបដែលប្រជាពលរដ្ឋគួរតែ រៀបចំសម្រាប់ការវាយប្រហារនុយក្លេអ៊ែរ។ “ជំហានទីពីរ សំខាន់បំផុត គួរតែជាការទំនាក់ទំនង។ ប្រសិនបើមានការវាយប្រហារនុយក្លេអ៊ែរ នោះទំនងជានឹងមិនមានទំនាក់ទំនងទេ។ វត្ថុតែមួយគត់ ដែលនឹងដំណើរការគឺវិទ្យុ ដូច្នេះ វិទ្យុចល័ត ដែលមានថ្មគួរតែត្រូវបានបំពាក់ គ្រប់​ទី​កន្លែង ដើម្បី​ឱ្យ​សញ្ញា​អាច​ទទួល​បាន” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top