ព័ត៌មានអន្តរជាតិ

Breaking News: កូរ៉េខាងជើង បន្តបាញ់មីស៊ីល ៣គ្រាប់បន្ថែមទៀត ក្នុងនោះមីស៊ីលមួយគ្រាប់ ជាមីស៊ីលរយៈចម្ងាយឆ្ងាយ

បរទេស៖ កូរ៉េខាងជើងបានបាញ់មីស៊ីល រយៈចម្ងាយឆ្ងាយយ៉ាងហោច ណាស់មួយគ្រាប់ និង មីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ទៀត។ នេះបើតាមការបញ្ជាក់របស់ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង (JCS)។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និយាយថា ក្នុងចំណោមនោះ មីស៊ីលមួយអាចជាមីស៊ីលផ្លោងឆ្លងទ្វីប។

ការបាញ់នេះ បានកើតឡើងបន្ទាប់ពី ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃពុធ បានបាញ់បង្ហោះមីស៊ីលរបស់ខ្លួន ច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃ រួមទាំងមីស៊ីលដែលបានធ្លាក់ នៅជិតដែនទឹករបស់កូរ៉េខាងត្បូងផងដែរ។ ទីក្រុងសេអ៊ូលបានឆ្លើយតប ដោយការបាញ់មីស៊ីល ចំនួនបីគ្រាប់របស់ខ្លួន។

ការបាញ់បង្ហោះជាច្រើនគ្រាប់ របស់កូរ៉េខាងជើងបានកើតឡើង នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសមយុទ្ធដែនអាកាសរួមគ្នា ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេ ដែលទីក្រុងព្យុងយ៉ាង បានរិះគន់យ៉ាងខ្លាំងថាជា “ឈ្លានពាន និងបង្កហេតុ”។

ការបាញ់បង្ហោះចុងក្រោយបំផុត នៅព្រឹកថ្ងៃព្រហស្បតិ៍បាននាំឱ្យ រដ្ឋាភិបាលជប៉ុនចេញការប្រកាសអាសន្ន ដ៏កម្រមួយដល់ប្រជាជន នៅក្នុងតំបន់ភាគខាងជើងរបស់ខ្លួន ដោយប្រាប់ពួកគេឱ្យស្នាក់នៅក្នុងផ្ទះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top