តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei កាលពីថ្ងៃពុធបានច្រានចោលគំនិតដែលធ្វើឡើងដោយអ្នកខ្លះថា សហរដ្ឋអាមេរិក គឺជា “មហាអំណាច ដែលមិនអាចប៉ះពាល់បាន” ដោយលើកឡើងថា ប្រវត្តិសាស្រ្តបង្ហាញថា ផ្ទុយទៅវិញ អាមេរិកគឺពិតជា “ងាយរងគ្រោះបំផុត” ។
លោកបានថ្លែងសុន្ទរកថាក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតមកពីទូទាំងប្រទេសនៅមុនទិវានិស្សិតជាតិ និងទិវាជាតិនៃការប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទមជាសាកល ដែលបានប្រារព្ធនៅថ្ងៃទី០៤ ខែវិច្ឆិកា ដើម្បីរំលឹកដល់ការកាន់កាប់របស់ប្រជាជនអ៊ីរ៉ង់ពីស្ថានទូតអាមេរិកក្នុងទីក្រុងតេអេរ៉ង់ មួយឆ្នាំបន្ទាប់ពីជ័យជំនះនៃបដិវត្តអ៊ីស្លាមឆ្នាំ១៩៧៩ ។
លោក Ayatollah Khamenei បានប្រាប់សិស្សនិស្សិតថា “អ្នកខ្លះគិតថា សហរដ្ឋអាមេរិក គឺជាមហាអំណាច ដែលមិនអាចប៉ះបាន ប៉ុន្តែប្រសិនបើយើងពិនិត្យមើលព្រឹត្តិការណ៍ ដែលបានលាតត្រដាងនៅថ្ងៃនេះ (ក្នុងប្រវត្តិសាស្ត្រ) វាប្រែថា ទេ វាងាយរងគ្រោះទាំងស្រុង” ។
លោកបានកត់សម្គាល់ថា ថ្ងៃប្រវត្តិសាស្ត្រ ដែលពោរពេញទៅដោយមេរៀន សម្រាប់ប្រជាជាតិអ៊ីរ៉ង់បង្ហាញពីអំពើទុច្ចរិត និងការរងទុក្ខវេទនារបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Khamenei បានបន្ដថា ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ចំណុចចាប់ផ្តើមនៃអរិភាពរបស់ខ្លួន ចំពោះប្រទេសអ៊ីរ៉ង់ គឺការដណ្តើមយកស្ថានទូតរបស់ខ្លួននៅក្រុងតេអេរ៉ង់ ដែលជាការកុហក។
លោកបានបន្ថែមថា ជម្លោះ និងភាពខុសគ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចាប់ផ្តើមនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៥៣ ដែលជាថ្ងៃដែលជនជាតិអាមេរិក បានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ង់លោក Mohammad Mosaddegh ដែលបានធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងរបស់ប្រទេសក្នុងខែមីនា ឆ្នាំ១៩៥១៕
ប្រែសម្រួល ឈូក បូរ៉ា