នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោក Muhammad Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិនតែងតែប្រើចក្ខុវិស័យ ជាយុទ្ធសាស្ត្រនិងវែងឆ្ងាយ ចំពោះទំនាក់ទំនងចិន-ប៉ាគីស្ថាន ហើយតែងតែតម្កល់ប្រទេសប៉ាគីស្ថាន ជាអាទិភាពនៃទំនាក់ទំនងការទូត ជាមួយប្រទេសជិតខាង ប្រទេសចិនរីករាយរួមសហការ ជាមួយភាគីប៉ាគីស្ថាន ដើម្បីលើកកម្ពស់កម្រិតនៃ កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងពន្លឿនការកសាង សហគមន៍រួមវាសនាចិន-ប៉ាគីស្ថាន ដែលមានភាពកាន់តែស្អិតល្មួត ក្នុងយុគសម័យថ្មី ព្រមនិងដាក់បញ្ចូលកម្លាំងចលករថ្មី ទៅក្នុងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់កាលៈទេសៈ រវាងចិននិងប៉ាគីស្ថាន។
លោក Xi Jinping បានជម្រាបជូនភាគីប៉ាគីស្ថាន អំពីសមិទ្ធផលសំខាន់ៗនៃ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។
លោកបានថ្លែងថា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយជាតិ ជាមូលដ្ឋានស្តីពីការបើកចំហ ចំពោះបរទេស ដោយបន្តផ្តល់កាលានុវត្តភាពថ្មី ជូនបណ្តាប្រទេសនានាក្នុងពិភពលោក ក្នុងនោះបូករួមទាំងប៉ាគីស្ថានផងដែរ ស្របនឹងពេលដែលប្រទេសចិន មានការអភិវឌ្ឍថ្មី។
ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា លោកមានកិត្តិយសណាស់ ដែលបានក្លាយជាមេដឹកនាំបរទេស ដែលទទួលបានការអញ្ជើញ ឱ្យមកធ្វើទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០យ៉ាងជោគជ័យ។ នេះបានបង្ហាញយ៉ាងពេញលេញ នូវទំនាក់ទំនងមិត្តភាពដែកថែប ដ៏ស៊ីជម្រៅរវាងប៉ាគីស្ថាននិងចិន ៕