គៀវ៖ លោកនាយករដ្ឋមន្ត្រី Denys Shmyhal បាននិយាយថា សភាអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍បានអនុម័ត ថវិការដ្ឋសម្រាប់ឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រាក់ចំណូលរបស់អ៊ុយក្រែន សម្រាប់ឆ្នាំ២០២៣ ត្រូវបានកំណត់ថា នឹងឈានដល់ប្រហែល ១,៣ ពាន់ពាន់លាន hryvnias (ប្រហែល ៣៥,៥ពាន់លានដុល្លារអាមេរិក) ខណៈដែលការចំណាយ របស់រដ្ឋនឹងមានចំនួនដល់ទៅ ២,៦ពាន់ពាន់លាន hryvnias (ប្រហែល ៧១ពាន់លានដុល្លារ)។

លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថាការចំណាយលើវិស័យការពារជាតិ នឹងក្លាយជាអាទិភាព សំខាន់នៅក្នុងថវិកា ដែលស្មើនឹង ៤៣ភាគរយនៃការចំណាយសរុប។
លោកបានបន្ថែមថា អ៊ុយក្រែនសង្ឃឹមថា នឹងគ្របដណ្តប់ឱនភាពថវិការបស់ខ្លួន ជាចម្បងដោយប្រើការគាំទ្រ ពីដៃគូអន្តរជាតិរបស់ខ្លួន ដូចជាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងមូលនិធិរូបិយវត្ថុអន្តរជាតិ។
សេដ្ឋកិច្ចអ៊ុយក្រែនត្រូវបាន ព្យាករណ៍ថានឹងកើនឡើង ៣,២ភាគរយនៅឆ្នាំក្រោយ ហើយអតិផរណានឹងឈរនៅ ២៨ភាគរយ។ រដ្ឋាភិបាលអ៊ុយក្រែន បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសនឹងធ្លាក់ចុះ ៣២ភាគរយនៅឆ្នាំនេះ ហើយអតិផរណានឹងកើនឡើងដល់ ២៩,៣ភាគរយ ៕
ប្រែសម្រួល ឈូក បូរ៉ា
