ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង សុំទោសសម្រាប់ព្រឹតិ្តការណ៍កើតឡើងពិធីបុណ្យ Halloween បណ្តាលឲ្យស្លាប់មនុស្សជាច្រើននាក់ ដោយសន្យាស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃចន្ទនេះ លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានសុំទោសសម្រាប់ព្រឹត្តិការណ៍កើតឡើងក្នុងពិធីបុណ្យ Halloween នៅទីក្រុងសេអ៊ូល ដោយសន្យាថា នឹងទទួលខុសត្រូវចំពោះមន្ត្រីណាដែលរកឃើញថា មានទំនួលខុសត្រូវចំពោះការឆ្លើយតបទៅនឹងកំហុសឆ្គង និងធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងប៉ូលិស និងសុវត្ថិភាព ។

គួររំលឹកថា ឧប្បត្តិហេតុបានកើតឡើងកាលពីថ្ងៃទី២៩ ខែតុលាដោយបានបណ្តាលឲ្យស្លាប់មនុស្ស១៥៦នាក់ ដែលភាគច្រើនមានអាយុ២០ និង៣០ឆ្នាំ និង១៩៧នាក់ទៀតបានរងរបួសនៅគ្រាដែលអ្នកដើរលេងកម្សាន្តបានកកកុញនៅផ្លូវតូចចង្អៀតនៃសង្កាត់កម្សាន្តពេលរាត្រីដ៏ពេញនិយម Itaewon ដើម្បីប្រារព្ធពិធីបុណ្យ Halloween ដែលគ្មានការទប់ស្កាត់ ជំងឺកូវីដ-១៩ជាលើកដំបូងក្នុងរយៈពេល3ឆ្នាំ ។

លោក Yoon បានផ្តល់ការសុំទោសក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយដើម្បីពិនិត្យមើលច្បាប់សុវត្ថិភាព ខណៈដែលប្រទេសនេះបន្តកាន់ទុក្ខជនរងគ្រោះ ។ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីឆ្លើយតបរបស់អាជ្ញាធរចំពោះគ្រោះថ្នាក់នេះ ។

លោកបានមានថ្លែងថា “ខ្ញុំមិនហ៊ានប្រៀបធៀបខ្លួនឯងទៅនឹងឪពុកម្តាយដែលបានបាត់បង់កូនប្រុសស្រីនោះទេ ប៉ុន្តែក្នុងនាមជាប្រធានាធិបតីដែលគួរតែការពារអាយុជីវិត និងសុវត្ថិភាពរបស់ប្រជាជន ខ្ញុំពិតជាខូចចិត្តខ្លាំងណាស់” ។

គេបានដឹងថា ប៉ូលិសបានប្រឈមមុខនឹងការរិះគន់ជាសាធារណៈ និងការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការឆ្លើយតបរបស់ខ្លួនក្នុងអំឡុងពេលសោកនាដកម្មនេះកើតឡើង ដោយបានបញ្ជូនមន្ត្រីត្រឹមតែ១៣៧នាក់ប៉ុណ្ណោះទៅកាន់តំបន់នេះ បើទោះបីជាមានការប៉ាន់ស្មានទុកជាមុនថា មានមនុស្សចំនួន១០០.០០០នាក់នឹងប្រមូលផ្តុំគ្នានោះទីនោះក៏ដោយ ៕

To Top