“យើងគួរតែមានការយល់ដឹង កាន់តែស៊ីជម្រៅនិងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាជំរុញសកម្មភាពអភិរក្សដីសើម ទូទាំងពិភពលោក ”
កាលពីថ្ងៃទី៥ខែវិចិ្ឆកា លោកប្រធានរដ្ឋចិន Xi Jinping បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាតភាគីហត្ថលេខីនៃ《អនុសញ្ញាដីសើម》លើកទី១៤ដែលបើកធ្វើនៅក្រុង Wuhan តាមប្រព័ន្ធវីដេអូហើយថ្លែងសុន្ទរកថា ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុចអំពីការអភិរក្សដីសើមពីមុំមនុស្សជាតិទាំងមូល ប្រកាសវិធានការជាក់ស្តែងដែលចិននឹងចាត់នៅពេលអនាគត ក៏ដូចជាគ្រោងផែនការយ៉ាងច្បាស់លាស់អំពីការអភិរក្សដីសើមទូទាំងពិភពលោក ។
ដីសើម ព្រៃឈើនិងសមុទ្រត្រូវគេស្គាល់ថា ជាប្រព័ន្ធអេកូឡូស៊ីធំបីលើទូទាំងពិភពលោកដែលត្រូវគេប្រសិទ្ធនាមថា ជា “ក្រលៀនផែនដី” ។ សារសំខាន់នៃដីសើមគឺគ្មានអ្វីគួរឱ្យសង្ស័យឡើយ ហើយបញ្ហាប្រឈមរហូតដល់ការបំផ្លាញដែលដីសើមទូទាំងពិភពលោកកំពុងប្រឈមមុខនោះក៏កាន់តែមិនត្រូវមើលរំលងនោះឡើយ ។ ក្នុងបរិបទបែបនេះ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា “ត្រូវប្រមូលផ្តុំគំនិតឯកភាពរួមសកលស្តីពីការស្រឡាញ់និងអភិរក្សដីសើម” “ត្រូវជំរុញដំណើរអភិរក្សដីសើមសកល” និង“ត្រូវបង្កើនសុខសុភមង្គលសកលដែលបណ្តាលមកពីដីសើមមានអំណោយផលដល់ប្រជាជន” ដែលបានចង្អុលទិសដៅឱ្យការអភិរក្សដីសើមសកល ។
ឆ្នាំ២០២២នេះជាខួបទី៣០ដែលចិនចូលរួម《អនុសញ្ញាដីសើម》 ។ មហាសន្និបាតលើកនេះនឹងផ្តល់ប័ណ្ណបញ្ជាក់ដល់ “ទីក្រុងដីសើមអន្តរជាតិ”ថ្មីចំនួន២៥ក្រុង ។ បច្ចុប្បន្ននេះ ក្នុងចំណោម “ទីក្រុងដីសើមអន្តរជាតិ”ចំនួន៤៣ក្រុងលើទូទាំងពិភពលោក ប្រទេសចិនគឺមាន១៣ក្រុង ដែលកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោក ។ នេះជាការទទួលស្គាល់យ៉ាងពេញលេញចំពោះប្រទេសចិនដែលវិនិយោគទុនលើការការពារបរិស្ថានជាបន្តបន្ទាប់និងកែលម្អអេកូដីសើមឥតឈប់ឈរក្នុងច្រើនឆ្នាំកន្លងទៅនេះ ។
តាមស្ថិតិឱ្យដឹងថា គិតពីឆ្នាំ២០១២មកទល់បច្ចុប្បន្ននេះ ប្រទេសចិនមានដីសើមថ្មីនិងដីសើមស្តារឡើងវិញជាង៨សែនហិកតា ហើយបច្ចុប្បន្ននេះ មានដីសើមសំខាន់អន្តរជាតិចំនួន៦៤កន្លែង ។ ក្រៅពីនេះ ចិនក៏បានបង្កើតប្រព័ន្ធរបបការពារនិងចេញផ្សាយ《ច្បាប់អភិរក្សដីសើម》ផងដែរ ។
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានបើកធ្វើនាពេលថ្មីៗកន្លងទៅនេះបានលើកឡើងថា ត្រូវអភិរក្សបរិស្ថានធម្មជាតិនិងអេកូបរិស្ថានដូចការពារភ្នែករបស់ខ្លួន ដើរតាមផ្លូវអភិវឌ្ឍន៍អរិយធម៌ដែលទទួលការអភិវឌ្ឍក្នុងការបង្កបង្កើនផល មានជីវភាពរស់នៅធូរធារនិងមានអេកូបរិស្ថានល្អប្រសើរយ៉ាងមុតមាំមិនងាករេ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាពជាដរាបរបស់ប្រជាជាតិចិន ។
ថ្លែងក្នុងសុន្ទរកថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងអំពីវិធានការជាក់ស្តែងរបស់ប្រទេសចិនក្នុងការជំរុញការអភិរក្សដីសើមនៅពេលអនាគត ដោយបង្ហាញថា នឹងកសាងឧទ្យានជាតិមួយចំនួនជាបន្តបន្ទាប់ ដាក់បញ្ចូលដីសើមដែលមានទំហំសរុបប្រហែល១១លានហិកតាក្នុងប្រព័ន្ធឧទ្យានជាតិ និងអនុវត្តគម្រោងអភិរក្សដីសើមទូទាំងប្រទេសនិងវិស្វកម្មសំខាន់ៗសម្រាប់អភិរក្សដីសើមជាដើម ។ ការរៀបចំចាត់ចែងនិងផែនការទាំងនេះនាំឱ្យមនុស្សគ្រប់គ្នាឃើញថា ប្រទេសចិនដែលបានបោះជំហានលើដំណើរថ្មី នឹងបន្តជំរុញការធ្វើទំនើបកម្មដែលមនុស្សជាតិនិងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ក៏ដូចជាជំរុញកិច្ចការអភិរក្សដីសើមឱ្យទទួលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
តើនឹងបន្សល់ទុកនូវដីសើមដ៏ស្រស់ស្អាតឱ្យជំនាន់ក្រោយយ៉ាងម៉េច?គំនិតផ្តួចផ្តើមរបស់ចិននិងសកម្មភាពរបស់ចិនកំពុងផ្តល់ចម្លើយនៃសំណួរនេះ ៕