ព័ត៌មានអន្តរជាតិ

យោធាយេមែន បញ្ជាក់ថា ខ្លួនបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ផ្ទុកគ្រាប់បែកចំនួន២គ្រឿង របស់ក្រុមជីវពលហួធី

សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ
កងកម្លាំងរដ្ឋាភិបាលនៃប្រទេសយេមែន បានឲ្យដឹងបាន ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលផ្ទុកគ្រាប់បែកចំនួន២គ្រឿង ដែលបានបាញ់បង្ហោះដោយក្រុមជីវពល ហួធី (Houthi) ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍យេមែនបានផ្សាយថា កងទ័ពបានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើក១គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងខេត្ត Marib ភាគកណ្តាល ខណៈ១គ្រឿងទៀតត្រូវបានស្ទាក់ចាប់នៅជិតទីក្រុង Al-Hazm ដែលជារដ្ឋធានីនៃខេត្ត Al-Jawf នៅភាគឦសានប្រទេស ។

គួរបញ្ជាក់ថា ការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការវាយប្រហាររបស់ក្រុមហួធី នៅទូទាំងប្រទេសយេមែន ចាប់តាំងពីសន្តិភាពជាតិរយៈពេល៦ខែបានរំលាយកាលពីថ្ងៃទី២ ខែតុលា បានធ្វើឱ្យមានការព្រួយបារម្ភអំពីការប្រឈមមុខដាក់គ្នាដ៏សំខាន់ ។ រដ្ឋាភិបាលដែលមានការទទួលស្គាល់ជាអន្តរជាតិរបស់ប្រទេសយេមែន បានឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនបានចាប់ផ្តើមរឹតបន្តឹងវិធានការសន្តិសុខជាមុនជុំវិញកន្លែងផលិតសំខាន់ៗនៅក្នុងតំបន់ភាគខាងត្បូងមួយចំនួន ។

គេបានដឹងថា ប្រទេសយេមែន បានជាប់គាំងនៅក្នុងសង្រ្គាមស៊ីវិលចាប់តាំងពីចុងឆ្នាំ២០១៤ នៅគ្រាដែលក្រុម ហួធី គាំទ្រដោយប្រទេសអ៊ីរ៉ង់ បានវាយលុកទីក្រុងភាគខាងជើងជាច្រើន ហើយបានបង្ខំឲ្យរដ្ឋាភិបាលយេមែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ចេញពីរដ្ឋធានីសាណាអា ។

សង្គ្រាមកើតឡើងនេះដែរបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងជម្លៀសមនុស្ស៤លាននាក់ និងបានរុញច្រានប្រទេសនេះឱ្យធ្លាក់ទៅដល់ភាពស្រេកឃ្លាន ៕

To Top