ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ជើង ប្ដេជ្ញា​បោះជំហាន​យោធា ដ៏លើសលប់ ដើម្បី​ប្រឆាំង​នឹង​សមយុទ្ធ

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា ខ្លួនបានធ្វើ “ប្រតិបត្តិការយោធា” នាពេលថ្មីៗនេះ រួមទាំងការបាញ់មីស៊ីលជាង ៨០គ្រាប់ ជាការឆ្លើយតបទៅនឹងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយប្តេជ្ញាថា “វិធានការយោធាជាក់ស្តែងដ៏លើសលប់” ដើម្បីបន្តប្រឆាំងនឹងសមយុទ្ធរបស់ពួកគេ។

ទីក្រុងព្យុងយ៉ាង បានបាញ់បង្ហោះមីស៊ីលចាប់ពីថ្ងៃពុធ ដល់ថ្ងៃសៅរ៍ ខណៈដែលសមយុទ្ធផ្លូវអាកាស Vigilant Storm កំពុងធ្វើឡើងក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមរបាយការណ៍របស់អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង។

សមយុទ្ធផ្លូវអាកាសរួមគ្នាដ៏ធំលើកដំបូងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងរយៈពេល ៥ឆ្នាំ ដោយមានការចូលរួមពីយន្តហោះប្រហែល ២៤០គ្រឿង រួមទាំងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងយន្តហោះចម្បាំង ដើមឡើយត្រូវបានគ្រោងទុករយៈពេល ៥ថ្ងៃរហូតដល់ថ្ងៃសុក្រ ប៉ុន្តែត្រូវបានពន្យារពេលមួយថ្ងៃ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។

កងទ័ពកូរ៉េខាងជើង ក៏បានអះអាងដែរថា ខ្លួនបានបាញ់មីស៊ីលនាំផ្លូវ យុទ្ធសាស្ត្រចំនួន ២គ្រាប់ ចូលទៅក្នុងដែនទឹកអន្តរជាតិ ក្នុងសមុទ្រជប៉ុន ប្រហែល ៨០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Ulsan ប្រទេសកូរ៉េខាងត្បូង កាលពីរសៀលថ្ងៃពុធ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបដិសេធការអះអាងរបស់កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ ដោយលើកឡើងថា គ្មានមីស៊ីលត្រូវបានគេរកឃើញនៅក្នុងតំបន់នោះទេ៕ប្រែសម្រួល ឈូក បូរ៉ា

To Top