ព័ត៌មានអន្តរជាតិ

ហេតុអ្វីប្រទេសចិនប្រកាន់ខ្ជាប់ ការបើកទូលាយ ?

កាលពីជាង ៤០ ឆ្នាំមុន ប្រទេសចិនបានដាក់ចេញគោលនយោបាយជាតិដែលបានកែប្រែជោគវាសនារបស់ប្រទេសជាតិចាប់ពីពេលនោះមក ពោលគឺ«កំណែទម្រង់និងបើកទូលាយ» ។

កាលនេះ លោក តេង ស៊ីវភីង ដែលត្រូវស្គាល់ថាជា«អគ្គវិស្វករ»នៃកំណែទម្រង់និងបើកទូលាយជាតិចិនបានលើកឡើងថា ៖ «ប្រទេសយើងក្រពេកហើយ អន់ថយពេកហើយ អ៊ីចឹងប្រសិនបើយើងមិនកំណែទម្រង់ទេ នោះបុព្វហេតុទំនើបកម្មនិងបុព្វហេតុសង្គមនិយមរបស់យើងនឹងត្រូវផុតរលត់» ។ ចាប់តាំងពីពេលនេះមក ប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសសង្គមនិយមដ៏ធំបំផុតលើពិភពលោកមួយនេះបានចាប់ផ្តើមតភ្ជាប់ជាមួយពិភពលោកដោយម្ចាស់ការ ។

កំណែទម្រង់និងបើកទូលាយរបស់ចិនបានបំផុសយ៉ាងខ្លាំងក្លាចំពោះប្រឌិតញាណរបស់មហាជន និងសមត្ថភាពផលិតកម្មក្នុងសង្គម ព្រមទាំងបង្កើនភាពរស់រវើកនៃការអភិវឌ្ឍសង្គម ។ ជីវភាពរស់នៅរបស់ប្រជាជនបានត្រូវលើកកម្ពស់យ៉ាងលេចធ្លោ កម្លាំងជាតិខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ឋានៈលើផ្ទៃអន្តរជាតិក៏ត្រូវបានលើកកម្ពស់ជាបណ្តើរៗ ។

សមិទ្ធផលកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិនបានត្រូវទទួលស្គាល់ជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ ដែលបច្ចុប្បន្ន ប្រទេសចិនជាដៃគូពាណិជ្ជកម្មរបស់ប្រទេសនិងតំបន់ជាង ១៤០ លើពិភពលោក នេះសបង្ហាញពីភាពជោគជ័យរបស់ចិនក្នុងការតភ្ជាប់ជាមួយពិភពលោក ដើម្បីចែករំលែកសមិទ្ធផលនិងកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយគ្នា ក្នុងន័យឆ្ពោះទៅរកវិបុលភាពរួម ។

ដោយមើលឃើញពីសារៈសំខាន់នៃការបើកទូលាយនិងពហុភាគីនិយម និងដើម្បីបញ្ជាក់ប្រាប់ពិភពលោកអំពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបើកទូលាយដោយម្ចាស់ការ កាលពីប្រាំឆ្នាំមុន បន្ទាប់ពីដាក់ចេញគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»កាលពី ២០១៣ មក លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានផ្តួចផ្តើមឱ្យមានការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិ ។
ពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រារព្ធធ្វើមួយឆ្នាំម្តងនៅដើមខែវិច្ឆិកាជាពិព័រណ៍ក្រោមប្រធានបទនាំចូលដំបូងបង្អស់លើពិភពលោក ជាវេទិកាសម្រាប់ជំរុញការបើកទូលាយជុំថ្មីរបស់ប្រទេសចិន និងជាវិធានការដ៏សំខាន់ដែលប្រទេសចិនបើកទូលាយទីផ្សារដោយម្ចាស់ការចំពោះពិភពលោក ដោយបានគួបផ្សំយ៉ាងស៊ីចង្វាក់គ្នាជាមួយគំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»ដែលជាការចែករំលែកធនធានទីផ្សារនិងកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិនជាមួយពិភពលោកទាំងមូល ។

បើទោះបីជាស្ថិតក្នុងបរិបទកូវីដដែលមិនអនុញ្ញាតឱ្យមានការរៀបចំពិព័រណ៍លំដាប់អន្តរជាតិជាលក្ខណៈoff lineទាំងស្រុងក្តី តែការចូលរួមតាំងពិព័រណ៍តាមអនឡាញក៏បានទាក់ទាញចំនួនសហគ្រាសនិងប្រទេសដែលបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ឆ្នាំនេះ លើសពីឆ្នាំមុនៗ ដែលបង្ហាញពីជំនឿចិត្តនិងទំនុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះទីផ្សារនៃប្រទេសចិន ។

«ការបើកទូលាយដោយកម្រិតខ្ពស់»ត្រូវបានតាក់តែងជាជំពូកឯករាជ្យមួយក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលបង្ហាញយ៉ាងប្រចក្សនូវការប្តេជ្ញាចិត្តរបស់ចិនក្នុងការជំរុញការបើកទូលាយ ។ លើសពីនេះ ថ្លែងក្នុងពិធីបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ កាលពីថ្មីៗកន្លងទៅនេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ប្រទេសចិននឹងជំរុញឱ្យពិព័រណ៍នេះក្លាយជាបង្អួចសម្រាប់ប្រទេសចិនក្នុងការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ក៏ដូចជាវេទិកាសម្រាប់ជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់និងជាផលិតផលសាធារណៈអន្តរជាតិដែលចែករំលែកការអភិវឌ្ឍនៃទីផ្សារដ៏ធំរបស់ចិន ។

ស្របនឹងការបើកទូលាយកាន់តែស៊ីជម្រៅ ទំហំពាណិជ្ជកម្មរវាងប្រទេសចិនជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មបានកើនឡើងជាលំដាប់ ដែលបាននាំមកនូវប្រសិទ្ធផលសេដ្ឋកិច្ចនិងផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃបណ្តាប្រទេសនានា ។

ការប្រកាន់ខ្ជាប់ការគាំទ្រពហុភាគីនិយមនិងការបើកទូលាយបានធ្វើឱ្យរង្វង់មិត្តភក្តិរបស់ប្រទេសចិនរីកធំឡើងជាបន្តបន្ទាប់ ហើយបាននាំមកនូវផលចំណេញឈ្នះ-ឈ្នះសម្រាប់ចិននិងប្រទេសពាក់ព័ន្ធ ។ ជាក់ស្តែង ប្រទេសចិនបានពង្រីកការនាំចូលប្រភេទកសិផលស្រស់ពីប្រទេសកម្ពុជាជាបន្តបន្ទាប់ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរសុទ្ធតែទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការទ្វេភាគី ។

ម៉្យាងវិញទៀត ដើម្បីបញ្ជាក់ពីជំហរបើកទូលាយរបស់ខ្លួនតាមរយៈការអនុវត្តជាក់ស្តែង ប្រទេសចិនបានចូលរួមកិច្ចព្រមព្រៀងពហុភាគីជាច្រើន ពិសេសគឺកិច្ចព្រមព្រៀង RCEP ដែលគ្របដណ្តប់ចំនួនប្រជាជនជិតពាក់កណ្តាលនៃពិភពលោក និងទំហំពាណិជ្ជកម្មជិតមួយភាគបីនៃពិភពលោក ។ តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយចិនឱ្យដឹងថា នៅ ១០ ខែដំបូងឆ្នាំ ២០២២ នេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាមួយរដ្ឋសមាជិកចំនួន ១៤ ផ្សេងទៀតនៃកិច្ចព្រមព្រៀង RCEP បានកើនឡើង ៨,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។

«បើកទូលាយរស់ បិទទ្វារស្លាប់» មានតែការបើកទូលាយទើបអាចនាំមកនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបអាចចែករំលែកពីសមិទ្ធផលអភិវឌ្ឍន៍ទៅវិញទៅមក ពិសេសប្រឈមនឹងភាពស្មុគស្មាញនៃស្ថានការណ៍ពិភពលោកបច្ចុប្បន្នដែលមានទាំងបម្រែបម្រួលខាងនិម្មាបនកម្មសកល សង្គ្រាមអ៊ុយក្រែន និងជំងឺកូវីដ-១៩ជាដើមដែលបានកកើតជាវិបត្តិផ្ទួនៗនោះគឺតម្រូវឱ្យប្រទសទាំងអស់ពួតដៃគ្នាដើម្បីជម្នះឧបសគ្គ និងស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។

ស្របនឹងពេលដែលប្រទេសជាច្រើនត្រូវញាំញីដោយអតិផរណាខ្ពស់ និងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច តើការដើរតាមមនោគមវិជ្ជាសង្គ្រាមត្រជាក់និងផលបូកសូន្យរបស់ប្រទេសលោកខាងលិចមួយចំនួន ឬដើរតាមផ្លូវពហុភាគីនិយមនិងបើកទូលាយ ? តាមរយៈកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់រយគម្រោងដែលបានចុះហត្ថលេខាក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ យើងនឹងបានឃើញច្បាស់ពីជម្រើសរបស់សហគមន៍អន្តរជាតិអំពីផ្លូវអភិវឌ្ឍន៍របស់ពួកគេ ៕
អត្ថបទដោយ ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top