ការ៉ាកាស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ទូរទស្សន៍រដ្ឋ Venezolana de Television របស់រដ្ឋ បានរាយការណ៍ កាលពីថ្ងៃចន្ទថា មនុស្សប្រហែល១,២លាននាក់ នៅក្នុងរដ្ឋ Sucre នៅភាគឦសាន នៃប្រទេស វេណេស៊ុយអេឡា ត្រូវបាន បោះបង់ចោល ដោយគ្មានលទ្ធភាព ប្រើប្រាស់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ថ្នាំពេទ្យ បន្ទាប់ពីគ្រោះទឹកជំនន់ បានបំផ្លាញផ្លូវហាយវេ ដ៏សំខាន់ ។
លោក Gilberto Pinto Blanco អភិបាលរដ្ឋ Sucre បានប្រាប់ដល់ស្ថានីយទូរទស្សន៍ថា ផ្លូវហាយវេតភ្ជាប់រដ្ឋ Sucre ទៅកាន់រដ្ឋជិតខាង Anzoategui ត្រូវបានកាត់ផ្តាច់ តាំងពីសប្តាហ៍មុន ដោយសារគ្រោះទឹកជំនន់ និងគ្រោះបាក់ដី ដែលធ្វើឱ្យរដ្ឋនេះ មិនអាចផ្គត់ផ្គង់សម្ភារៈសំខាន់ៗ ដូចជាឧស្ម័ន និងការផ្គត់ផ្គង់ផ្នែកវះកាត់បាន ។
ការងារដើម្បីសម្អាតផ្លូវហាយវេ នឹងបន្តធ្វើរហូតដល់ “ផ្លូវចូលផ្លូវធំត្រូវបានស្តារឡើងវិញទាំងស្រុង” លោក បានបង្ហាញឲ្យដឹងនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះ ។
លោក Ramon Velasquez Araguayan រដ្ឋមន្ត្រីដឹកជញ្ជូនវេណេស៊ុយអេឡា បានថ្លែងថា ភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យខូចខាតផ្លូវចំនួន៤១ខ្សែ នៅរដ្ឋ Sucre និង២៨ខ្សែ នៅរដ្ឋ Anzoategui ។
អាជ្ញាធរបានបញ្ជាក់ថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដី កាលពីសប្តាហ៍មុន នៅតាមបណ្តោយឆ្នេរសមុទ្រ ដែលស្ថិត នៅភាគឦសាន របស់ប្រទេសវេណេស៊ុយអេឡា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧នាក់ បានបាត់បង់ជីវិត និងការខូចខាតសម្ភារៈធ្ងន់ធ្ងរដល់ទីក្រុងឆ្នេរសមុទ្រ Puerto La Cruz និង Guanta ៕