ព័ត៌មានអន្តរជាតិ

សារព័ត៌មាន Bloomberg: សេតវិមាន ​ស្នើ​ជាឯកជន ឱ្យ​ធនាគារ​អាមេរិក ​ធ្វើ​ការ​ជាមួយ​រុស្ស៊ី

បរទេស ៖ រដ្ឋបាលរបស់លោក Biden កំពុងជំរុញជាលក្ខណៈឯកជន ដល់ធនាគារឈានមុខគេ របស់អាមេរិកដូចជា JPMorgan Chase និង Citigroup ឱ្យបន្តធ្វើអាជីវកម្ម ជាមួយក្រុមហ៊ុនរុស្ស៊ី ជាយុទ្ធសាស្ត្រ ទោះបីជាមានការដាក់ ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញជម្លោះក្នុងប្រទេស អ៊ុយក្រែនក៏ដោយ, នេះបើតាមអ្នក ដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន Bloomberg ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ កាលពីថ្ងៃចន្ទថា សំណើនេះត្រូវបានធ្វើឡើង ដោយក្រសួងរតនាគារ និងក្រសួងការបរទេសអាមេរិក ខណៈដែលរដ្ឋាភិបាល ព្យាយាមរក្សាសម្ពាធ លើប្រទេសរុស្ស៊ី ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏បានជៀសវាង “មហន្តរាយសេដ្ឋកិច្ចពិភពលោក” ផងដែរ ។

ប្រភពបាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងស្នើសុំសេវាកម្ម ជាច្រើនទៀតផងដែរ ដែលមានដូចជាការទូទាត់ ប្រាក់ដុល្លារអាមេរិក ការផ្ទេរការទូទាត់ និង ហិរញ្ញវត្ថុពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនរុស្ស៊ីដែលត្រូវបានលើកលែង ពីទិដ្ឋភាពមួយចំនួន នៃទណ្ឌកម្ម រួមទាំងក្រុមហ៊ុន ឧស្ម័នយក្ស Gazprom និងក្រុមហ៊ុន ផលិតជី Uralkali និង PhosAgro ៕

To Top