វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោករំពឹងថា នឹងពិភាក្សាអំពីបញ្ហាតៃវ៉ាន់ ពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត ជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំ ដែលអាចធ្វើទៅបានក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់អាស៊ីនាពេលខាងមុខ ខណៈដែលលោកបានប្តេជ្ញាថា លោកនឹងមិនធ្វើ “សម្បទានជាមូលដ្ឋានណាមួយឡើយ” ។
ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការ នៃកិច្ចប្រជុំទ្វេភាគីក៏ដោយ ក៏លោក បៃដិន បានប្រាប់សន្និសីទសារព័ត៌មានថា លោកចង់បង្ហាញជាមួយលោក ស៊ី “អ្វីជាបន្ទាត់ក្រហមរបស់យើង” និងយល់ពី “ផលប្រយោជន៍សំខាន់ របស់ប្រទេសទាំងពីរ”។
លោកបានលើកឡើងថា លោកចង់កំណត់ថា តើពួកគេមានជម្លោះជាមួយគ្នា ឬអត់ ហើយប្រសិនបើពួកគេធ្វើនោះ តើត្រូវដោះស្រាយដោយរបៀបណា និងរបៀបដោះស្រាយវាចេញ”។
រដ្ឋបាលលោក បៃដិន កំពុងស្វែងរកការគ្រប់គ្រង ការប្រកួតប្រជែងកាន់តែខ្លាំង ជាមួយប្រទេសចិន ដែលខ្លួនដាក់ស្លាកថាជា “គូប្រជែងតែមួយគត់” ជាមួយនឹងចេតនា និងអំណាច ដើម្បីប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិក និងសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់។
ភាពតានតឹងបានកើនឡើងជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi កាលពីខែសីហា ទៅកាន់កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង ដោយប្រទេសចិន បានបញ្ចេញប្រតិកម្ម ដោយការបង្កើនសកម្មភាពយោធា។
ចិន និងតៃវ៉ាន់ ដែលដឹកនាំដោយកុម្មុយនិស្ត ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នា ក្នុងឆ្នាំ១៩៤៩ ដោយសារសង្គ្រាមស៊ីវិល។ ចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្ត ដែលរង់ចាំការបង្រួបបង្រួម ជាមួយចិនដីគោកឡើងវិញ ប្រសិនបើចាំបាច់។
លោក បៃដិន បានធ្វើការកត់សម្គាល់ម្តងហើយម្តងទៀត ដោយប្តេជ្ញា ចំពោះការការពារកោះតៃវ៉ាន់ នៅក្នុងអ្វីដែលអាច ត្រូវបានគេមើលឃើញថា ជាគម្លាតពីជំហរដ៏យូរអង្វែង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការរក្សានូវអ្វីដែលហៅថា ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត ទាក់ទងនឹងការប្រើប្រាស់កម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹង ការវាយប្រហាររបស់ចិន លើទីក្រុងតៃប៉ិ៕ ប្រែសម្រួល ឈូក បូរ៉ា