ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានបញ្ជាក់នូវជំហរវិជ្ជមាន ចំពោះគោលគំនិត របស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រវាងកងទ័ពទាំងពីរ បន្ថែមទៀតនាពេលអនាគត។
ការបញ្ជាក់ជំហរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយ ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងទឹកដីនៃប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ ដែលមានកន្លងមករវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាពិសេសការសម្រេចបាន នូវលទ្ធផលជាក់ស្តែង នៃកិច្ចសហការរវាងអង្គភាព ចំណុះកងទ័ពទាំងពីរ និងការហ្វឹកហ្វឺនបណ្តុះបណ្តាល ធនធានមនុស្ស។ ជាមួយគ្នានេះដែរ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏បានលើកឡើងអំពីគោលគំនិត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត នាពេលអនាគត។
ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ដេវីដ ណេអូ បានគាំទ្រចំពោះការវាយតម្លៃរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងបានបញ្ជាក់នូវជំហរវិជ្ជមាន ចំពោះគោលគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រវាងកងទ័ពទាំងពីរ បន្ថែមទៀតនាពេលអនាគត៕